(កំពត)៖ លោក ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាកសាងគណបក្សមូលដ្ឋានខេត្តកំពត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញប្រគល់អំណោយកុំព្យូទ័រយួដៃ ម៉ាស៊ីនហ្វូតូខបភី តុ ចំនួន ២០គ្រឿង និងថវិកាមួយចំនួនដល់វិឡាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពិធីប្រគល់អំណោយបានរៀបចំនៅក្នុងបរិវេណសាលាវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពត ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីលោក ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ភុំ ផាន់ណាវី លោក ឱម ម៉ាក់ធារី ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅខេត្តកំពត លោកស្រី គង់ សុភាអនុប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពតព្រមទាំងគណៈកម្មការ លោកនាយក លោក គ្រូ អ្នក គ្រូជាច្រើនរូប។

លោក តេវ សុវណ្ណាដេត នាយកស្ដីទីវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង បានឱ្យដឹងថា នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង មានអគារទាំងអស់៦ខ្នង ក្នុងឆ្នាំសិក្សា២០២៤-២០២៥ មានបុគ្គលិកសិក្សាសរុបចំនួន៨០នាក់ និងមានសិស្សសរុបចំនួន១៦៧៨នាក់។ បន្ថែមលើសពីនេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហ៊ុន សុខា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែនាំយកនូវអំណោយថវិកា និងសម្ភារដែលជាតម្រូវការចាំបាច់របស់សាលា។

លោក ហ៊ុន សុខា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ អំណោយថវិកាកុំព្យូទ័រយួរដៃ ម៉ាស៊ីនហ្វូតូខបភី តុចំនួន២០គ្រឿងនិងថវិកា ជាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនតាមរយៈលោក ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានយកមកប្រគល់ជូនលោកនាយក លោកគ្រូ អ្នកគ្រូ នៅពេលនេះគឺជាឧត្តមប្រយោជន៍សម្រាប់បម្រើការងាររដ្ឋបាលក្នុងសាលា និងបង្ហាត់បង្រៀនដល់សិស្សានុសិស្សរៀនសូត្រឱ្យក្លាយទៅជាធនធានដ៏សម្បូរបែបរបស់ប្រទេសជាតិនាពេលខាងមុខ ក៏សុំឱ្យលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ពន្យល់ បង្រៀនសិស្សានុសិស្សបានល្អ ដើម្បីក្លាយជាទំពាំងស្នងឫស្សីនៅពេលអនាគត ដែលជាមូលធន់មនុស្ស។

ជាមួយគ្នានោះដែរ លោកក៏បានប្រគល់ថវិកាចំនួន ១,២០០០,០០០រៀល ដល់លោកនាយក ដើម្បីចាក់លុបស្រះក្នុងទីធ្លាក្នុងវិទ្យាល័យ ព្រមទាំងប្រគល់ថវិកាជូនដល់លោកគ្រូ អ្នកគ្រូក្នុងម្នាក់ៗ ៤០,០០០រៀលផងដែរ។