(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា បានសូមថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ជូនចំពោះ សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ដើម្បីជាក្តីសង្ឃឹមក្នុងការបន្តថែរក្សា និងអភិរក្សប្រភេទដំរីស្រុកឱ្យបានគង់វង្ស។

ព្រះរាជទ្រព្យរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជទានដល់សមាគម អភិរក្សដំរីខ្មែរអៃរាវត្តា កាលពីលើកទី១ ក្នុងឆ្នាំ២០១៨ ចំនួន២០,០០០ដុល្លារ និងលើកទី២ ចំនួន ៥០០០ដុល្លារ កាលខែសីហា ឆ្នាំ២០២៣ ដើម្បីគាំទ្រចូលរួមថែរក្សា និងអភិរក្សសត្វដំរី ក្នុងជំរុំអភិរក្សដំរី ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ដោយក្នុង១ឆ្នាំៗ សមាគមត្រូវចំណាយអស់ថវិកាប្រមាណ ១០មុឺនដុល្លារ។

ការថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាថ្មីម្តងទៀតនេះ បានធ្វើឡើងក្នុងឱកាសរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាធិបតីនៃកិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាភិបាលសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមប្រធានកិត្តិយសសមាគម រួមទាំងក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកាទាំងអស់នៃសមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រគ្រប់ៗរូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តរៀងទៅ។

លោកស្រី ក្លេ ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) មានប្រសាសន៍ថា បន្ទាប់ពីទទួលបាននូវព្រះរាជទ្រព្យផ្ទាល់ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រទានដល់សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា គឺកូនចៅទាំងអស់ក្នុងសមាគម បានខិតខំប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អក្នុងការថែរក្សា និងអភិរក្សសត្វដំរី ដោយក្នុងនោះសមាគមបានធ្វើការបង្កាត់ពូជដំរីស្រុកទទួលបានជោគជ័យ ដោយមេដំរីញីបានបង្កើតកូនញីដ៏តូចច្រឡឹងមួយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ហើយបានដាក់ឈ្មោះថា «ទេវីណូអែល»

ស្ថិតក្នុងខេត្តរតនគីរី ភាគឦសាននៃប្រទេសកម្ពុជា អៃរាវត្តា គឺជាសមាគមមូលនិធិអភិរក្សដំរីខ្មែរ ដែលបានខិតខំអភិរក្សសត្វដំរីក្នុងបរិស្ថានធម្មជាតិដើម្បីផ្សារភ្ជាប់ទំនាក់ទំនងស្និទ្ធស្នាលជាមួយមនុស្ស។ កន្លែងអភិរក្សដំរីបែបថ្មី គឺប្រកបដោយសេចក្តីមេត្តា ក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ចំពោះសត្វដំរី ហើយក៏ជាកន្លែងដែលស្ងប់ស្ងាត់ និងសុខដុមសម្រាប់ទេសចរមកទស្សនាកម្សាន្ត បានគ្រប់ពេល៕