(ព្រះវិហារ)៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅភូមិកេរ្តិ៍ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយឥតឧបមារ នៅពេលទទួលបានអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលនាំមកចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺក្រោមការដឹកនាំរបស់លោក អ៊ុក គឹមសាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករវៀង ដោយមានការចូលរួមពីលោក ហោ ប៊ុនហួរ ប្រធានគណបក្សស្រុករវៀង និងលោកស្រីឧកញ៉ា ពិន នេត្រា និងស្វាមី លោក គឹម ចាន់ណារិទ្ធ និង ក្រុមគ្រួសារព្រមទាំងក្រុមការងារ នៃក្រុមហ៊ុនASH-Charter នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។
នៅក្នុងឱកាសនោះ លោក ហោ ប៊ុនហួរ ប្រធាន គណបក្សប្រជាជនកម្ពុជាស្រុករវៀង បានថ្លែងដោយក្តីរំភើបរីករាយ និងគោរពអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈក្រុមការងារដែលដឹកនាំដោយលោក អ៊ុក គឹមសាន បាននាំអំណោយមកចែកជូនប្រជាពលរដ្ឋក្រីក្ររស់នៅតំបន់ដាច់ស្រយ៉ាល។
លោកក៏ថ្លែងអំណរគុណដល់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលបានទម្លាក់គម្រោងផ្លូវកៅស៊ូចំនួន៦ខ្សែ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជូនស្រុករវៀង ពិសេសជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយ៉ាល។
លោក អ៊ុក គឹមសាន បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលសម្តេចតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយ៉ាល។ ជាក់ស្តែងដូចជានៅស្រុករវៀង សម្តេចបានផ្ដល់គម្រោងផ្លូវក្រាលកៅស៊ូចំនួន៦ខ្សែ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ជូនប្រជាពលរដ្ឋដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារមានភាពងាយស្រួល។
លោក អ៊ុក គឹមសាន បានថ្លែងបញ្ជាក់ទៀតថា អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានក្រុមការងារនាំមកចែកជូនលោកយាយ លោកតា ចំនួន១១០គ្រួសារ រួមមាន៖ មីចំនួន១១០កេស, ត្រីខចំនួន១១០យួរ, ក្រម៉ាចំនួន១១០, សារ៉ុងចំនួន១១០, ភួយចំនួន១១០ និងថ្នាំពេទ្យ ១១០កញ្ចប់។
លោកយាយ លោកតា និងប្រជាពលរដ្ឋ រស់នៅភូមិកេរ្តិ៍ ឃុំរតនៈ ដែលទទួលបានអំណោយទាំងនេះ បានសម្ដែងនូវក្តីរំភើបសប្បាយរីកាយឥតឧបមារដែលទទួលបានអំណោយបែបនេះ ពិសេសក្រុមការងារដែលមកចែកផ្ទាល់បានបង្ហាញនូវមនោសញ្ចេតនាគោរពស្រឡាញ់ពួកគាត់យ៉ាងជ្រាលជ្រៅ ស្និទ្ធស្នាល ចេញពីទឹកចិត្ត និងបេះដូងដ៏បរិសុទ្ធប្រៀបដូចជាកូន ជាចៅរបស់ពួកគាត់៕