(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា និងលោក Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាស្ដីពី «វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន»។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអ្នកសារព័ត៌មាន អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាង ក.ប.ទ. និងក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមក ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល របស់ប្រទេសទាំងពីរ ជាពិសេស នៅថ្ងៃនេះ គឺអ្នកបច្ចេកទេសនៃប្រទេសទាំងពីរបានជួបគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធ និងធ្វើការផ្ទេរបច្ចេកវិទ្យារវាងប្រទេសទាំងពីរ នូវប្រព័ន្ធឌីជីថលចំនួន២ គឺ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជានិងកម្មវិធី eGov SuperApp របស់ហ្វីលីពីន ដែលគ្រោងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៥នេះ។

លោករដ្ឋមន្ត្រីទទួលស្គាល់ និងអបអរសាទរ ចំពោះសាធារណរដ្ឋហ្វីលីពីននូវវឌ្ឍនភាព និងភាពជោគជ័យក្នុងការដាក់ឱ្យដំណើរការកម្មវិធី eGov SuperApp ដែលជាកម្មវិធីដ៏មានសក្តានុពលមួយដោយរួមបញ្ចូលនូវសេវាសាធារណៈទាំងអស់ដែលកំពុងផ្ដល់ដោយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃសាធារណរដ្ឋហ្វីលីពីន។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានគូសបញ្ជាក់អំពីភាពខ្លាំងនៃកម្មវិធី eGov SuperApp របស់ហ្វីលីពីន ថាបច្ចេកវិទ្យា បទពិសោធ និងលក្ខណៈពិសេសនៃកម្មវិធីនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្មវិធី DG SuperApp របស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចសហ-ប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យានិងបទពិសោធគ្នាទៅវិញទៅមក គឺមានសារៈសំខាន់ណាស់ ព្រោះកិច្ចសហប្រតិបត្តិនេះនឹងធ្វើឱ្យ (១) ល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលនឹងលឿនជាងមុន (២) ប្រទេសទាំងពីរមានមូលដ្ឋានកាន់តែរឹងមាំ ក្នុងសម្រេចចិត្តជ្រើសរើសបច្ចេកវិទ្យាដែលត្រឹមត្រូវ ដើម្បីយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថល ផ្អែកតាមការផ្លាស់ប្តូរបទពិសោធដែលប្រទេសទាំងពីរ បានជួបប្រទះកន្លងមកក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា និង (៣) ចំណងការទូតរវាងកម្ពុជានិងហ្វីលីពីនកាន់តែមានភាពជិតស្និទ្ធមួយកម្រិតទៀតផងដែរ។

ក្នុងសន្និសីទសារព័ត៌មាននេះ លោក Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន បានលើកឡើងអំពីអត្ថប្រយោជន៍ការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.ph សម្រាប់ហ្វីលីពីន ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារនានាដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចរបស់សាធារណរដ្ឋហ្វីលីពីន និងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងការយកទៅប្រើប្រាស់។

លោក Ivan John E. Uy បានបន្តទៀតថា ហ្វីលីពីនបានពិនិត្យឃើញអំពីភាពលេចធ្លោនៃថ្នាល verify.gov របស់កម្ពុជាដែលអាចដាក់ឱ្យប្រើប្រាស់ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ រួមមានជាអាទិ៍ អត្តសញ្ញាណបណ្ណពលរដ្ឋហ្វីលីពីន ឯកសារអត្រានុកូលដ្ឋានដែលរួមមាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព បណ្ណបើកបរ ព្រមទាំងសញ្ញាបត្ររបស់សិស្ស និស្សិត នៃសាធារណរដ្ឋហ្វីលីពីន។

លោករដ្ឋមន្រ្តី Ivan John E. Uy បានបន្តលើកឡើងថា កិច្ចសហប្រតិបត្តិការរវាង ក.ប.ទ. នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន បង្កើតឱ្យមានមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងសមត្ថភាព និងការជ្រើសរើសឱ្យបានត្រឹមត្រូវ នៃដំណោះស្រាយឌីជីថល ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ហើយកិច្ចសហប្រតិបត្តិការទាំងនេះ ក៏បានបង្ហាញអំពីជំហរនិងការតាំងចិត្តរបស់ប្រទេសទាំងពីរ ក្នុងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលផងដែរ។

សូមបញ្ជាក់ផងដែរថា ដើម្បីសម្រេចឱ្យបានជោគជ័យនូវការផ្ទេរបច្ចេកវិទ្យានៃការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និង eGov SuperApp រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ជំនួបលើកនេះ ក្រសួងទាំងពីរបានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលស៊ីជម្រៅដែលអាចឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំងពីរសហការក្នុងការផ្ទេរបច្ចេកវិទ្យាទៅវិញទៅមក ហើយនៅក្នុងដំណាក់កាលសាកល្បងនេះ (Staging) ក្រុមការងារបច្ចេកទេសនៃ ក.ប.ទ. បានផ្ទេរបច្ចេកវិទ្យាដល់ក្រុមការងារបច្ចេកទេសនៃក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន ក្នុងការដាក់បញ្ចូល QR Code ស្ដង់ដា ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.ph (Staging) នៅលើឯកសារ ២ ប្រភេទជាជំហានដំបូង គឺ (១) អត្តសញ្ញាណបណ្ណពលរដ្ឋហ្វីលីពីន និង (២) សញ្ញាបត្ររបស់សិស្ស និស្សិត នៃសាធារណរដ្ឋហ្វីលីពីន។
ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសរបស់ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន បានធ្វើការបង្ហាញផ្ទាល់ (Live Demonstration-Staging) នៃកម្មវិធី eGov SuperApp របស់ហ្វីលីពីននិងពិភាក្សាលម្អិតអំពីលក្ខណៈបច្ចេកទេសសំខាន់ៗដែលមាននៅក្នុងកម្មវិធី eGov SuperApp ដែលអាចឱ្យកម្ពុជាដកស្រង់បទពិសោធដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍកម្មវិធី DG SuperApp របស់ខ្លួនផងដែរ។

ក្នុងឱកាសនេះផងដែរ រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់អំពីជំហរលើកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរបទពិសោធ និងការផ្ទេរបច្ចេកវិទ្យានៃថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov របស់កម្ពុជា និងកម្មវិធី eGov SuperApp របស់ហ្វីលីពីន ជាមួយបណ្ដាប្រទេសផ្សេងទៀត ដែលចាប់អារម្មណ៍មកលើថ្នាលនេះ។

សូមបញ្ជាក់ជូនផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ចំណែកឯកម្មវិធី eGov SuperApp របស់ហ្វីលីពីន ជាកម្មវិធីដែលរួមបញ្ចូលថ្នាលនិងកម្មវិធីរដ្ឋាភិបាលពហុវិស័យតាមរយៈប្រព័ន្ធអនឡាញតែមួយ ដែលជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើសុំសេវាពីរដ្ឋាភិបាល៕