(ភ្នំពេញ)៖ មន្ត្រីជាប់កិច្ចសន្យាចំនួន ២រូបនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបញ្ឈប់ពីការងារ ព្រោះតែពួកគេបើករថយន្តសង្គ្រោះបន្ទាន់ ហើយទារប្រាក់ចំនួន២០០ដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះថ្នាក់ចរាចរណ៍ ថ្លៃដឹកសពទៅផ្ទះជនរងគ្រោះ។ នេះបើតាមការបញ្ជាក់របស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។

មន្ត្រីជាប់កិច្ចសន្យាទាំងពីររូបមានឈ្មោះ៖ លោក វៃ វ៉ាន់ និងលោក យ៉េង វណ្ណៈ ដែលជាមន្ត្រីជាប់កិច្ចសន្យានៅមណ្ឌលសុខភាពចាក់អង្រែ។

សូមជម្រាបថា ក្រសួងសុខាភិបាលបានកំណត់ថា សេវារថយន្តសង្គ្រោះដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព (របស់មន្ទីរពេទ្យ) ទៅលំនៅដ្ឋាននៃសព ក៏មិនតម្រូវគិតថ្លែដែរ៕