(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដោយប្រារព្ធធ្វើឡើងចំនួន២ថ្ងៃ គឺនៅថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបិទក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងពិធីបើកសន្និបាតនៅព្រឹកថ្ងៃទី២១ ខែមករានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឡើងអានសុន្ទរកថាបើកសន្និបាត។ បន្ទាប់មកលោក ហុក ហួរលីម នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ឡើងអានរបាយការណ៍សង្ខេបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ។
នៅថ្ងៃដដែល សន្និបាតនេះបានណែនាំ និងបែងចែកក្រុមពិភាក្សា ដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដោយត្រូវពិភាក្សាលើប្រធានបទមួយចំនួន ក្នុងនោះរួមមាន៖
*ទី១៖ ចំណុចខ្លាំង និងចំណុចខ្សោយ នៃការផ្ទេរមុខងារវិស័យអប់រំ ៣កម្រិត (ថ្នាក់មត្តេយ្យ ថ្នាក់បឋម និងអប់រំក្រៅប្រព័ន្ធ) មករដ្ឋបាលថ្នាក់ក្រោមជាតិ ដឹកនាំដោយលោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ
*ទី២៖ ការពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល នៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជន និងលុបបំបាត់សេវាសុខាភិបាលឯកជន ខុសច្បាប់នៅរាជធានីភ្នំពេញ ដឹកនាំដោយលោក អុីមរ៉ន ហាស្សាន់ និងលោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ
*ទី៣៖ ការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ ដឹកនាំដោយលោក សុខ ពេញវុធ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ
*ទី៤៖ ការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពសំណង់អគារខ្ពស់ៗ និងសំណង់ដែលផ្អាកការ សាងសង់ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ
*ទី៥៖ ការគ្រប់គ្រងសំណល់ប្លាស្ទិចតាមប្រព័ន្ធលូ-ប្រឡាយ និងស្ថានីយបូមទឹក ដឹកនាំដោយលោក ហួត ហៃ និងលោក ឯក ឃុនជឿន អភិបាលរងរាជធានីភ្នំពេញ
*ទី៦៖ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើ ការ បង្ការ បង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងការគ្រប់គ្រងជនអន្តោប្រវេសន៍ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ៕