(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងទទួលបានព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់ក្រោមដំបូលនៃសុខសន្តិភាព ដោយរាជរដ្ឋាភិបាលពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក ជាពិសេសក្នុងអាណត្តិទី៧ នេះតែម្តង។ ជាក់របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា បានអះអាងថា មានអ្នកសារព័ត៌មាន ៧៩,៨% និយាយថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ។

ការលើឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោក អញ្ជើញជាអធិបតីពិធីបើកស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង តំណាងរដ្ឋបាលរាជធានីខេត្ត ប្រធានមន្ទីររាជធានីខេត្ត និងមន្ត្រីរាជការក្រសួងព័ត៌មានប្រមាណ ៧០០នាក់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះ៖ «យើងបានរៀបចំនូវរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មាន ដែលជាកម្រិតនៃការវាស់ស្តងកុំឱ្យគេមកវាយតម្លៃជំនួសយើង យើងរៀបចំស្ថានភាពស្តីពីសេរីភាពសារព័ត៌មាន យើងដឹងថាសេរីភាពសារព័ត៌មាននៅកម្ពុជាយ៉ាងម៉េច មិនមែនស្ថិតនៅលើបបូរមាត់របស់បរទេស ឬបបូរមាត់របស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលទទួលជំនួយពីបរទេស អនុវត្តន៍តាមរបៀបវារៈរបស់គេនោទេ»

លោក នេត្រ ភក្ត្រា បានលើកឡើងថា ដោយសារតែប្រទេសកម្ពុជាជានិច្ចកាលតែងតែរងនូវភាពអយុត្តិធម៌ពីរបាយការណ៍អង្គការអន្តរជាតិមួយចំនួន ដែលចេញទាក់ទងទៅនឹងស្ថានភាពសិទ្ធិមនុស្ស សេរីភាពការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន កម្ពុជាចាំបាច់ ត្រូវបានរបាយការណ៍មួយដែលឆ្លុះបញ្ចាំងពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីបង្ហាញស្ថានភាពសេរីភាពសារព័ត៌មានក្នុងប្រទេសរបស់ខ្លួន។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា តាមរយៈរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» បានបញ្ជាក់ថា ៧៩,៨% នៃអ្នកសារព័ត៌មានដែលត្រូវបានសម្ភាសនិយាយថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ស្ថិនៅក្នុងដំបូលសុខសន្តិភាព បើទោះបីជាមានការចោទប្រកាន់ថាកម្ពុជា​ ជាប្រទេសមួយដែលបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពផ្នែកសារព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ការរៀបចំរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» គឺជាលក្ខណៈវិទ្យាសាស្ត្រ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពីសំណាក់ជនបរទេសមួយចំនួន ឬអង្គការក្រៅរដ្ឋាភិបាលមួយចំនួនមកលើស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដោយគ្មានភស្តុតាង។

សេរីភាពសារព័ត៌មាន ជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជាសេរីភាពនេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។ ដូច្នេះ ក្នុងក្របខណ្ឌនៃការលើកកម្ពស់តម្លៃសង្គមប្រជាធិបតេយ្យនៅកម្ពុជា ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយសិទ្ធិនៃការទទួលព័ត៌មាន តួនាទីរបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានពិ និងជឿទុកចិត្តបានសម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងរួមគ្នាកម្លាំងដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្រាប់ការសិក្សានេះ ក្រុមការងារនៃក្រសួងព័ត៌មានបានប្រើវិធីសាស្ត្រចម្រុះ គឺវិធីសាស្ត្រគុណវិស័យ និងវិធីសាស្តបរិមាណវិស័យ តាមរយៈទី១៖ ការអនុវត្តការស្ទាបស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មានសរុបចំនួន ៣៤១នាក់ តាមបណ្ដារាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស, ទី២៖ ការស្រាវជ្រាវឯកសារដែលមានស្រាប់ (Desk Review) រាប់បញ្ចូលទាំងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សកតិកាសញ្ញា និងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស, និងទី៣៖ និងការសម្ភាសន៍ជាមួយឥស្សរជន និងបុគ្គលសំខាន់ៗក្នុងវិស័យព័ត៌មាន៕