(ភ្នំពេញ)៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នឹងចូលមកដល់នៅសប្ដាហ៍ក្រោយនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវធានាឲ្យបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមបង្ការ ទប់ស្កាត់ ករណីអគ្គិភ័យ។

ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា លោកបានដាក់បទបញ្ជារួចហើយដល់កម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវប្រកាសចំណុចខ្ពស់ចាប់ពីពេលនេះតទៅ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពនូវសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រៅពីការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈហើយនោះ លោកបានណែនាំឲ្យយកចិត្តទុកដាក់នៅតាមបណ្ដាទីផ្សារទាំងអស់ ពិសេសត្រួតពិនិត្យការលួចដាក់លក់នូវផាវ ឬកាំជ្រួចនានា ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ជាដាច់ខាត។ លើសពីនេះ ផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវត្រួតពិនិត្យទប់ស្កាត់ការដឹកជញ្ជូនទំនិញហាមឃាត់ទាំងអស់នេះចូលក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ដោយសារតែប្រជាពលរដ្ឋសែស្រឡាយកាត់ចិន-វៀតណាម ត្រូវការសែនព្រេនជូនជីដូន ជីតា ក្នុងឱកាសបុណ្យឆ្នាំថ្មីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យបង្កើនការយកចិត្តទុកដាក់ចំពោះការអុជទាន ធូប ដែលអាចកើតមានគ្រោះអគ្គិភ័យជាយថាហេតុ។ ករណីនេះ ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏ក្រើនរំលឹកផងដែរដល់អ្នកបញ្ជាយានយន្ដទាំងអស់ ក៏ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរស្ថិតក្រោមសារធាតុស្រវឹង ដើម្បីបង្ការ និងទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងរដូវបុណ្យទាន។ ជាមួយគ្នានេះ លោកក៏មិនភ្លេចនូវវិធានការម៉ឺងម៉ាត់ក្នុងការបង្ការ ទប់ស្កាត់ករណីក្មេងទំនើងផងដែរ ព្រោះខ្លាចមានការឆ្លៀតឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះ ក្រុមក្មេងទំនើងលួបប្រមូលផ្ដុំគ្នា និងឈានដល់ការប្រើប្រាស់អំពើហិង្សា អុកឡុកក្នុងសង្គម។

សូមទស្សនាវីដេអូកិច្ចសម្ភាសជាមួយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ខាងក្រោមនេះ៖