(កណ្តាល)៖ ដោយមានការស្នើសុំពីប្រជាពលរដ្ឋក្នុងឃុំទាំង៣ របស់ស្រុកស្អាង ពីបញ្ហាខ្វះទឹកសម្រាប់សង្គ្រោះស្រូវប្រាំង, អភិបាលខេត្តកណ្តាលលោក គួច ចំរើន បានបញ្ជាឲ្យមន្រ្តីដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្ត សហការជាមួយអាជ្ញាធរស្រុក និងឃុំចុះទៅអន្តរាគមន៍បូមទឹកដាក់ស្រូវជូនប្រជាពលរដ្ឋ។

ផលប៉ះពាល់ដំណាំស្រូវប្រាំង ដោយកង្វះទឹកសម្រាប់ស្រោចស្របស្រូវនៅឃុំក្រាំងយ៉ូវ ឃុំកោះខែល និងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដែលកំពុងខ្វះទឹកបង្កបង្កើនផល។

តាមរបាយការណ៍បានឱ្យដឹងថា ចំនួនឃុំដែលរងផលប៉ះពាល់ចំនួន០៣ ឃុំ ដែលមានដូចជា៖ ឃុំក្រាំងយ៉ូវ ចំនួនផ្ទៃដីស្រូវប្រាំងធ្វើបានសរុប ២៤០០ហិកតា ក្នុងនោះផ្ទៃដីត្រូវសង្គ្រោះចំនួន ១២៦០ហិកតា, ឃុំកោះខែល ចំនួនផ្ទៃដីស្រូវប្រាំងធ្វើបានសរុប ៦៤៣ហិកតា ក្នុងនោះផ្ទៃដីទើបព្រួសរួចបានចំនួន ៣៥០ហិកតា និងព្រែកអំបិល ចំនួនផ្ទៃដីស្រូវប្រាំងធ្វើបានសរុបជាង ៣០០ហិកតា។

ជាការឆ្លើយតប តំណាងបងប្អូនប្រជាពលរដ្ឋ មេឃុំ អាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនប្រជាកសិករ ដែលជួបបញ្ហាខ្វះទឹកខ្លាំងជាងគេបានបង្ហាញនូវក្តីរីករាយ និងសូមថ្លែងអំណរគុណលោក គួច ចំរើន ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់គិតគូរជាប្រចាំនូវសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដោយបានជួយដោះស្រាយបញ្ហាទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕