(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង។
ពិធីបិទសន្និបាតនេះមានការចូលពីសំណាក់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកនៃខេត្តព្រៃវែង, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយឧត្តមសេនីយ៍អគ្គស្នងការ អគ្គមេបញ្ជាការ អគ្គនាយក និងប្រតិភូអមដំណើរ,ប្រធានក្រុមប្រឹក្សាខេត្ត, លោកអភិបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
លោកសួន សុម៉ាលីនអភិបាលខេត្ត បានថ្លែងថា តាមរយៈបទអន្តរាគមន៍ អង្គសន្និបាតក៏កត់សម្គាល់ឃើញថាក្នុងឆ្នាំ២០២៤ ការអនុវត្តការងារទទួលបានលទ្ធផលលេចធ្លោរល្អប្រសើររួមមាន៖
*១៖ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឆ្នាំ២០២៤នេះ បទល្មើសព្រហ្មទណ្ឌមានការថយចុះ ជាងឆ្នាំ២០២៣ ចំនួន១៨% ប៉ុន្តែការបង្ក្រាបបទល្មើសដែលបានកើតឡើងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះ បង្ហាញពីការយកចិត្តទុកដាក់ របស់ស្នងការដ្ឋាននគរបាលខេត្ត អធិការក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក។ ជាមួយនេះ ក្រោមការយកចិត្តទុកដាក់របស់កងកម្លាំង និងអាជ្ញាធរគ្រប់ថ្នាក់ ព្រមទាំងអ្នកពាក់ព័ន្ធ លើការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានភាពល្អប្រសើរជាងឆ្នាំ២០២៣ ជារួមក្នុងចំណោម១១៦ឃុំ សង្កាត់ ទទួលបានចំណាត់ថ្នាក់ទាំង១១៦ឃុំ សង្កាត់ ក្នុងនោះចំណាត់ថ្នាក់លេខ១ ទទួលបាន ៨៣ឃុំ សង្កាត់ បើធៀបនឹងឆ្នាំ២០២៣ មានការកើនឡើង ៥១ឃុំ សង្កាត់ ស្មើនឹង ១៦០%។
*២៖ លើការងារកសិកម្ម៖ ក្នុងឆ្នាំ២០២៤នេះ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ភាគីពាក់ព័ន្ធ ក្នុង ការដោះស្រាយ និងផ្គត់ផ្គង់ទឹកសម្រាប់ការបង្កបង្កើនផល ផ្ទៃដីបង្កបង្កើនផលរដូវប្រាំង និងវស្សា មានការកើនឡើង ចំនួន ៤៦៤ ៧៦៥ហិកតា ស្មើនឹង ១៤៣% នៃផែនការ ៣២៥ ០០០ហិកតា បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ មានការកើនឡើង ៦០ ៣៥២ហិកតា ស្មើនឹង ១៥%។បរិមាណផលស្រូវមានការកើនឡើង ១លាន៩០ម៉ឺនតោន បើប្រៀបធៀបទៅនឹង ឆ្នាំ២០២៣ មានការកើនឡើង ៣០ម៉ឺនតោន ស្មើនឹង ១៩%។
*៣៖ លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន៖ ក្នុងឆ្នាំ២០២៤នេះ ដោយឃុំ សង្កាត់ មានការយល់ដឹង ខ្ពស់ អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់មូលនិធិឃុំសង្កាត់របស់ខ្លួន ពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋមូលដ្ឋាន បច្ចុប្បន្នងាកមកអនុវត្តគម្រោងសាងសង់ផ្លូវបេតុង ដែលជាផ្លូវប្រើប្រាស់ប្រាស់បានយូរអង្វែង ធ្វើឲ្យប្រជាពលរដ្ឋមានការ សប្បាយចិត្តទទួលបានផ្លូវល្អសម្រាប់ប្រើប្រាស់។ ជាក់ស្តែងក្នុងឆ្នាំ២០២៤នេះ ខេត្តព្រៃវែងទទួលបានគម្រោងមូលនិធិឃុំ សង្កាត់ ចំនួន ១៨០គម្រោង ក្នុងនោះគម្រោងផ្លូវបេតុង ប្រមាណ ៥០%។
នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពក្នុងខេត្ត, មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើនគួរជាទីមោទន។
សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង គឺជាវេទិកាដ៏មានសារៈសំខាន់ថ្នាក់ខេត្ត ដែលនឹងផ្តល់ឱកាសជូនសមាជិកានៃអង្គសន្និបាត ពិសេសថ្នាក់ដឹកនាំមូលដ្ឋានចូលរួមពិនិត្យ និងឆ្លុះបញ្ចាំងលើការងាររបស់រដ្ឋបាលខេត្ត ក៏ដូច ជាការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ ប្រកបដោយឈ្លាសវៃ និងមុតស្រួចរបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង បានប្រព្រឹត្តទៅអស់រយៈពេល ១ថ្ងៃកន្លះ ដែលពិធីបើកមានការចូលរួម ពីលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង៕