(សៀមរាប)៖ សាលាបឋមសិក្សាប្រាសាទ ស្ថិតនៅភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ជាសាលាដែលអនុវត្តតឹងរឹងខាងផ្លាស្ទិក ដោយមិនឲ្យមានក្នុងបរិវេណ ៣ឆ្នាំហើយ។

អង្គការអេដ អេ អាស្យុង បានជួយអភិវឌ្ឍសាលាបឋមសិក្សាដាច់ស្រយាលមួយនេះ តាំងពី ឆ្នាំ២០១០។ សាលានេះ មានវិភាគទាន ២ម៉ឺនរៀន ជារៀងរាល់ខែ ពីឪពុកម្តាយ ឬអាណាព្យាបាលសិស្ស ដោយសិស្សមិនចាំបាច់រៀនក្រៅនោះទេ ព្រោះពួកគេនឹងទទួលបានម៉ោងរៀនបន្ថែម ភាសាអង់គ្លេស និងកុំព្យូទ័រ ព្រមទាំងអាហារថ្ងៃត្រង់ នៅពេលរសៀល ខណៈពីមុនមានយន្តការនេះ សិស្សរៀនបានតែ ១ព្រឹកប៉ុណ្ណោះ។ ទោះយ៉ាងណា សាលាមិនយកថវិកា ពីគ្រួសារណា ដែលមានបណ្ណសមធម៌ក្រីក្រ។

សាលាបឋមសិក្សាប្រាសាទ ជាសាលា ១ក្នុងចំណោម ២សាលា ដែលក្រសួងអប់រំយុវជន និងកីឡា ចាត់ថ្នាក់ជាសាលាបឋមសិក្សា ដែលមានម៉ោងបង្រៀនពេញ នៅខេត្តសៀមរាប ខណៈខេត្តនេះ មានសាលាបឋមសិក្សាដល់ទៅជាង ៥០០សាលា៕