(រតនគិរី)៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោក សាម សុជាង អភិបាលរងខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការបើកដំណើរ ការគម្រោង «ការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជា»។

សិក្ខាសាលានេះ ត្រូវបានប្រារព្ធធ្វើឡើង នៅសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកដឺរេក​ យីប ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំកម្ពុជា និងលោក សាម សុជាង អភិបាលរងខេត្តរតនគិរី តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

លោក ម៉ម សម្បត្តិ នាយកប្រតិបត្តិ អង្គការឌី ភី អេ បានលើកឡើងថា គម្រោងនេះ គឺបង្កើនកម្រិត នៃការយល់ដឹងអំពីគម្រោង DPA និង CEPA-ICRC ក្នុងគោលបំណងកាត់បន្ថយភាពងាយរងគ្រោះចំពោះផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយតាមរយៈការបំឡែងការសម្របខ្លួន កាត់បន្ថយ និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយនៅក្នុងខេត្តចំនួនពីរគឺ រតនគិរី និងស្ទឹងត្រែង។

លោកបន្តថា គម្រោង «ការកែលម្អភាពធន់នឹង ការប្រែប្រួលអាកាសធាតុនៅ កម្ពុជា» ត្រូវបានផ្តួចផ្តើមដោយអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុង សកម្មភាព (DPA) សមាគមអភិរក្សវប្បធម៌ និងបរិស្ថាន (CPA) និងអង្គការការីតាសអូស្ត្រាលី (CA) គាំទ្រ ដោយក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសអូស្ត្រាលី (DFAT) តាមរយៈ អង្គការការីតាស អូស្ត្រាលី។

គម្រោងនេះនឹងដំណើរការចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៩ ពោលគឺ៥៧ ខែក្នុងគោលបំណងលើកកម្ពស់ភាពធន់នឹងអាកាសធាតុនៅក្នុងភូមិចំនួន៩៦ ក្នុង ៣៣ឃុំ ក្នុង ១១ស្រុក ក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។

គម្រោង DPA និង CEPA ICRC នឹងធ្វើការ និងគាំទ្រអ្នកទទួលផលផ្ទាល់ចំនួន ២៣,៧៩៥នាក់ (ស្ត្រី ១១,៦០៧ នាក់ ឬ ៤៩ ភាគរយ) និងអ្នកទទួលផលដោយប្រយោលប្រមាណ ៤៥.៩១៥ នាក់ (ស្ត្រី ២២,៨៧៦ នាក់ ឬ ៥០ ភាគរយ) នៅទូទាំង ៩៦ ភូមិ ៣៣ ឃុំ និង ១១ ស្រុកក្នុងខេត្តទាំងពីរ។ ក្នុងនោះ ខេត្តរតនគិរីមាន៤៤ភូមិក្នុង៥ស្រុក គឺស្រុកអណ្តូងមាស កូនមុំ វើនសៃ តាវែង និងលំផាត់) ហើយក្នុងខេត្តស្ទឹងត្រែង មាន៥២ភូមិក្នុង៦ស្រុក គឺស្រុកសៀមបូក សៀមប៉ាង សេសាន្ត ថាឡាបរិវ៉ាត់ បុរីអូរស្វាយសែនជ័យ និង ក្រុងស្ទឹងត្រែង)។

លោក ដឺរេក​ យីប បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះផ្តល់នូវឱកាសដ៏ល្អមួយដើម្បីជួបជាមួយប្រតិភូ និងភាគីពាក់ព័ន្ធគ្រប់កម្រិតដើម្បីធ្វើឲ្យគម្រោងរបស់កាន់តែមានការចូលរួម និងការយល់ដឹងកាន់តែស៊ីជម្រៅ។ ដូច្នេះដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យ DPA និង CEPA ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយ ភាគីពាក់ព័ន្ធ ដូចជាម្ចាស់ជំនួយ អាជ្ញាធរថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ រួមទាំងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង អភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក ក្រសួងកិច្ចការនារី និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

ថ្លែងបើកសិក្ខាសាលាស្តីពីការបើកដំណើរ ការគម្រោង «ការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា» នាពេលនេះ លោក សាម សុជាង បានលើកឡើងថា គិតមកដល់បច្ចុប្បន្ន ខេត្តរតនគិរី សហការជាមួយអ្នក ពាក់ព័ន្ធទាំងអស់ បាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវភាពធន់ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដោយចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូរអភិវឌ្ឍន៍នានា បានបញ្ជ្រាបការយល់ដឹង គិតគូរអំពីការប្រែប្រួលអាកាសធាតុនេះ ទៅក្នុងកិច្ចការដែលកំពុងអនុវត្តជាក់ស្ដែង ជាអាទិ័៖ យុទ្ធនាការ «ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» ការបណ្ដុះនិងចែកចាយកូនឈើ ជូនប្រជាពលរដ្ឋទូទៅ ដាំនៅតាមសាលារៀន វត្តអារាម សហគមន៍ តំបន់ការពារធម្មជាតិ ជាពិសេសតំបន់ងាយរងហានិភ័យ។

ឆ្នាំ២០២៥នេះ គឺក្រសួងបរិស្ថានបានកំណត់យកកូនត្នោតជាកូនឈើអាទិភាព នៅក្នុងគោលបំណងស្ដារគម្របព្រៃឈើឡើងវិញ ការកសាង ផ្លូវជនបទ ទឹកស្អាត អនាម័យ ក៏ដូចជា ការដាំដុះដំណាំកសិកម្មដែលមានពូជ និងបច្ចេកទេស ធន់នឹងការប្រែប្រួលអាកាសធាតុ ជាឧទាហរណ៍ ភាពធន់នឹងសត្វល្អិតបំផ្លាញ ធន់នឹងភាពក្ដៅហួតហែង ឬតំបន់ជាំទឹកជាដើម។

លោកអភិបាលរងខេត្ត មានជំនឿ យ៉ាងមុតមាំថា គម្រោងកម្មវិធីនេះ នឹងជួយសម្របសម្រួលបង្កើតបាននូវយន្តការវេទិកាពហុភាគីចូលរួមឆ្លើយតប ពង្រឹងភាពធន់នៅក្នុងសហគមន៍ លើកកម្ពស់ការយល់ដឹងនិងបង្កើនចំណេះដឹង ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព រយៈពេលស្ទើរ ៥ឆ្នាំ នៃការអនុវត្តគម្រោង ចាប់ពីខែតុលា ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៩៕