(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពលើកទឹកចិត្ត ជំរុញឲ្យអ្នកវិនិយោគបណ្ដាក់ទុនសាងសង់ផ្ទះដែលមានតម្លៃសមរម្យ សម្រាប់លក់ជូនមន្ដ្រីរាជការ។

ការណែនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យរដ្ឋបាលរាជធានីភ្នំពេញ មេត្តាពិនិត្យគិតគូរវិនិយោគធ្វើផ្ទះលក់សម្រាប់មន្ដ្រីរាជការ ដើម្បីសម្របសម្រួលជីវភាព។ ខ្ញុំគិតថា យើងអាចពិនិត្យមើលនៅតាមបុរីមួយចំនួន ឲ្យគាត់ផ្ដោតទៅលើចំណុចនេះ ប៉ុន្ដែកុំឲ្យលើសពីតម្រូវការ»

បើតាមលោកអភិសន្ដិបណ្ឌិត ស សុខា, ក្នុងករណីផ្ទះដាក់លក់ត្រឹមតម្លៃចន្លោះ២ ទៅ៣ម៉ឺនដុល្លារ ដូច្នេះមន្ដ្រីរាជការដែលមានប្រាក់បៀវត្ស៍ចន្លោះ១លានកន្លះ ទៅ២លានរៀល អាចនឹងមានលទ្ធភាពក្នុងការបង់រំលស់។

ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានលើកទឹកចិត្តឲ្យវិស័យឯកជន ពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្ទះប្រភេទនេះ ហើយរដ្ឋក៏ពិនិត្យលទ្ធភាពក្នុងការអនុគ្រោះកម្រិតណាមួយ ដើម្បីឲ្យគម្រោងនេះចេញជារូបរាងឡើង។

ភ្ជាប់ជាមួយគ្នានេះ លោកបានណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះទីតាំងដីដែលផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនវិនិយោគហើយ ប៉ុន្ដែក្រុមហ៊ុននោះមិនទាន់កសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍន៍ទីតាំងដែលខ្លួនទទួលបានសិទ្ធិ។ លោកបន្ដថា ប្រសិនបើក្រុមហ៊ុនមួយទទួលបានអាជ្ញាប័ណ្ណ ហើយទុកដីឲ្យនៅទំនេរក៏ជះឥទ្ធិពលមិនល្អសម្រាប់ការរៀបចំផែនការអភិវឌ្ឍដូចគ្នា៕