(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល «ស.វ.ស» បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកថ្មីរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងនិស្សិតជាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត, ប្រធាន អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងភ្ញៀវកិត្តិយសជាតិ សរុបជាង ៤០០នាក់។
ពិធីបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ, ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានសម្តែងនូវគោរពជាសាធារណៈចំពោះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចំពោះការផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាព ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់និងការលើកទឹកចិត្តខ្ពស់ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំស.វ.ស ក្នុងការបន្តខិតខំលើកកម្ពស់ការបំរើសេវាថែទាំសុខភាពនិងសុខុមាលភាពជូនប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានគោរពរាយការណ៍ជាសង្ខេបជូនគណ:អធិបតី និងអង្គពិធីអំពីការងារ និងសមិទ្ធផលរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
អញ្ជើញមានមតិក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានលះបង់កំលាំងកាយចិត្ត ពេលវេលា ក្នុងការបំពេញភារៈកិច្ចការងារប្រកបដោយការទទួលខុសត្រូវ ដោយសម្រេចបាននូវសមិទ្ធិផលជាច្រើន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលទើបជ្រើសរើសថ្មី នឹងចូលរួមជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារផ្សេងៗទៀត ក្នុងការងារសង្គម មនុស្សធម៌ និងបេសកកម្មនានា។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានប្រកបដោយសមត្ថភាពវិជ្ជាជីវៈ ទំនួលខុសត្រូវ និងការផ្តល់ឱកាសរៀបចំរចនាសម្ព័ន្ធក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យ ដើម្បីឲ្យនិស្សិតមានឱកាសចូលរួមក្នុងសកម្មភាពសង្គម។
ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីគុណតម្លៃនៃការស្ម័គ្រចិត្តក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាព ការបណ្តុះការយកចិត្តទុកដាក់លើសពីខ្លួនឯង និងចូលរួមជួយដល់សង្គមជាតិ។ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីប្រវត្តិ និងសកម្មភាពក្នុងសង្គមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
គួររំលេចផងដែរថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាឱកាសពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣, មន្ត្រី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបចំនួន ២,៣៤៨នាក់ បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។
គិតត្រឹមថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃបានចំនួន ១៧លើក ដោយមានប្រជាពលរដ្ឋមកទទួលសេវាសរុបចំនួន ១៣៩,៣៣៤នាក់ (ស្ត្រីចំនួន ៩០,០១៨នាក់)៕