(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសការបង្ក្រាបគ្រឿងញៀនខុសច្បាប់ និងក្មេងទំនើង ដែលតែងតែបង្ករបញ្ហានៅក្នុងមូលដ្ឋានរបស់យើង។
ការថ្លែងណែនាំ និងដាក់បទបញ្ជាបែបនេះ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិប្រចាំខែមករា និងលើកទិសដៅការងារបន្ត របស់ស្នងការនគរបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង អនុផែន លោក-លោកស្រី នាយ-នាយរងការិយាល័យ នាយផ្នែក លោកអធិការ លោក-លោកស្រី អធិការរងនគរបាល ក្រុង ស្រុក ទាំង០៨ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៥១ឃុំ សង្កាត់ ផងដែរ។
នៅក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឆន សំអុល នាយការិយាល័យសរុបផែនការ អានរបាយការណ៍បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ដោយឡែកលោកឧត្ដមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងទទួលផែនការងារសេនាធិការ បានរាយការណ៍អំពីវឌ្ឍនភាពកសាងផែនការសកម្មភាពរយះពេល០៥ឆ្នាំ (២០២៤-២០២៨) របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក ហែម ងួនសេង ស្នងការរងផែនការងារអត្តសញ្ញាណកម្ម មានវិធានការលើការងារគ្រប់គ្រង និងចុះបញ្ជីស្នាក់នៅ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានត្រឹមត្រូវតាមនីតិវិធី ដើម្បីបម្រើការងារជំនាញ និងលោកវរសេនីយ៍ឯក សាយ ដេត ស្នងការរងផែនការងារសន្តិសុខ រាយការណ៍ និងមានវិធានការលើសភាពការណ៍សន្តិសុខទូទៅ ក្នុងភូមិសាស្ត្ររួចមក។
លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានថ្លែងកោតសរសើរដល់កងកម្លាំងនគរបាលខេត្តទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច យ៉ាងយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណៈ បម្រើសេវាចំបាច់ទូទៅបានយ៉ាងល្អ។ លោកក៏បានណែនាំបន្ថែមដល់លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងរាយការណ៍ជាប្រចាំ ដើម្បីសុំយោបល់ និងគោលការណ៍ ក្នុងការអនុវត្តការងារឲ្យបានជោគជ័យ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានផ្តល់អនុសាសន៍ដឹកនាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ ឱ្យបន្តយកចិត្តទុកដាក់ចំពោះការ ការពាររក្សាសន្តិសុខ សណ្តាប់សាធារណៈ និងខិតខំប្រឹងប្រែងបម្រើសេវាសាធារណ: ជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឆ្លើយតបរាល់សំណូមពរ តម្រូវការដែលពួកគាត់ចង់បាន មិនតែប៉ុណ្ណោះលោកបានជំរុញបន្ថែមទៅលើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាព ពិសេសបញ្ហាគ្រឿងញៀន ក្មេងទំនើង ក៏ដូចជាបទល្មើសផ្សេងៗទៀតនៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាន៕