(ភ្នំពេញ)៖ ពិធីសន្និបាតពេញមួយថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានបិទបញ្ចប់ដោយលោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១៧៖៣០ ដោយទទួលបានលទ្ធផលល្អគាប់ប្រសើរ។
របៀបវារៈនៃសន្និបាតត្រូវបានអនុវត្តយ៉ាងពេញលេញ ដោយរបៀបវារៈនីមួយៗមានការធ្វើបទបង្ហាញ និងមានការចូលរួមចោទជាសំណួរ មតិយោបល់ និងសំណូមពរយ៉ាងផុលផុសពីសមាជិក សមាជិកានៃអង្គសន្និបាត។
គួរកត់សម្គាល់ថា ក្រៅពីសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលអានដោយលោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ គឺមានប្រធានបទ និងបទបង្ហាញធំៗចំនួន៣ គឺ៖
១៖ បទបង្ហាញស្ដីពី «ការងាររដ្ឋប្បវេណី»
ក. សិទ្ធិតំណាង ដែលមិនមែនជាមេធាវី
ខ. អត្រាការបា្រក់ និងប្រាក់ពិន័យ
គ. បណ្ដឹងទាមទារបញ្ជាក់សិទ្ធិប្រាតិភោគ។
២៖ បទបង្ហាញស្ដីពី «ទំនាក់ទំនងការងារបច្ចេកទេសរវាងអយ្យការ ចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះ»
៣៖ បទបង្ហាញស្ដីពី «ការងារព្រហ្មទណ្ឌ»
ក. -ដីកាបង្គាប់ឱ្យចាប់ខ្លួន(ចៅក្រមស៊ើបសួរ/ចៅក្រមជំនុំជម្រះ)
-ការគ្រប់គ្រង/ការតាមដានការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន
ខ. សាវតាជាតិជនត្រូវចោទ។
ក្រោយពេលបញ្ចប់បទបង្ហាញ និងកិច្ចពិភាក្សា លោក ងួន ណារ៉ា បានមានមតិនៅក្នុងពិធីបិទសន្និបាតទៅកាន់ លោក លោកស្រីទាំងអស់ជាសមាជិក សមាជិការនៃអង្គសន្និបាត ក៏ដូចជាការណែនាំសម្រាប់ការអនុវត្តការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ដូចតទៅ៖
១៖ បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង និងបង្កើនកិច្ចសហការឱ្យបានកាន់តែល្អរវាងផ្នែកពាក់ព័ន្ធ ទាំងផ្ទៃក្នុងអង្គភាព ទាំងជាមួយស្ថាប័នពាក់ព័ន្ធខាងក្រៅ និងជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីធានាឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។
២៖ បន្តពង្រឹង និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ វិន័យការងារ ពេលម៉ោងបំពេញការងារតាមច្បាប់កំណត់។ ពិសេសពេលម៉ោងសវនាការ សូមដំណើរការឱ្យបានឆាប់រហ័ស ទាន់ម៉ោងកំណត់។ ប្រកាន់យកនូវឥរិយាបថការងារល្អ ទំនាក់ទំនងការងារជាមួយភាគីក្តី និងប្រជាពរលរដ្ឋដែលមកទទួលសេវាយុត្តិធម៌ ដោយឥរិយាបថ និងភាសាសំដីសមរម្យ មានសីលធម៌វិជ្ជាជីវៈល្អ។
៣៖ បន្តរួមគ្នាអនុវត្តដោយសកម្មនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក្នុងជំហានអនុវត្តឆ្នាំទី២ ឆ្នាំ២០២៥ ដោយខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងការលះបង់ពេលវេលាដើម្បីចាត់ការរឿងក្តីគ្រប់ប្រភេទឱ្យបានថយចុះបន្តទៀត និងយកចិត្តទុកដាក់បំពេញការងារឱ្យបានឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវស្របតាមច្បាប់ និងចៀសឱ្យបាននូវភាពមិនប្រក្រតីទាំងឡាយ។ បន្តចាត់ការឱ្យបានឆាប់រហ័ស និងត្រឹមត្រូវនូវរឿងក្តីអត្រានុកូលដ្ឋាន ព្រមទាំងរឿងក្តីអាទិភាពទាំង៣ មានរឿងគ្រឿងញៀន រឿងចរាចរណ៍ និងរឿងក្មេងទំនើង ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់។
៤៖ ស្នើពិនិត្យជម្រើសនីតិវិធីចោទប្រកាន់បញ្ជូនសំណុំរឿងមកជំនុំជម្រះភ្លាម និងជំនុំជម្រះផ្ទាល់តាមលក្ខខណ្ឌច្បាប់ឱ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីជួយជំរុញការដោះស្រាយសំណុំរឿងបានកាន់តែឆាប់រហ័ស។ ព្រមជាមួយនេះដែរ សូមពិនិត្យអង្គហេតុនៃអំពើចោទប្រកាន់ឱ្យបានត្រឹមត្រូវ ឱ្យត្រូវតាមធាតុផ្សំបទល្មើស និងត្រូវតាមអង្គហេតុនៃអំពើល្មើសចូលជាបទល្មើសព្រហ្មទណ្ឌ សូមចៀសវាងដាច់ខាតពីការយកអង្គហេតុនៃរឿងរដ្ឋប្បវេណីមកចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌ។
៥៖ បន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ចំពោះបទល្មើសមួយចំនួនដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដូចជាបទល្មើសគ្រឿងញៀន អំពើហិង្សាបង្កឱ្យមានការភ័យខ្លាចនៅទីសាធារណៈ ដែលបានប្រព្រឹត្តដោយក្រុមក្មេងទំនើង អំពើលួច ឆក់ អំពើឆបោកជាក្រុមមានការចាត់តាំង។ល។ ដោយត្រូវពង្រឹងការស៊ើបអង្កេតស្រាវជ្រាវ និងស៊ើបសួររកអត្តសញ្ញាណជនប្រព្រឹត្តដែលជាមេក្លោងយកមកចោទប្រកាន់ និងផ្តន្ទាទោសឱ្យបានតឹងរ៉ឹងតាមច្បាប់ដោយគ្មានការលើកលែង និងបន្តស្រាវជ្រាវអំពីទ្រព្យចំពោះបទល្មើសពាក់ព័ន្ធទ្រព្យសម្បត្តិ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
៦៖ លើកទឹកចិត្តការដោះស្រាយរឿងក្តីរដ្ឋប្បវេណី តាមយុទ្ធនាការសម្របសម្រួលសះជាដែលនីតិវិធីច្បាប់អនុញ្ញាត ទោះបីជារឿងក្តីបានដាក់បណ្តឹងតាមផ្លូវតុលាការ តែនីតិវិធីច្បាប់នៅតែផ្តល់លទ្ធភាពជូនចៅក្រមក្នុងការសម្របសម្រួលគូភាគីដើម្បីផ្សះផ្សា និងសះជាជាមួយគ្នា ដែលការងារនេះក្រសួងយុត្តិធម៌ ក៏បានដាក់ផែនការដើម្បីផ្តល់ជូនការលើកទឹកចិត្តដល់សាលាជម្រះក្តី ដែលបានសម្របសម្រួលសះជារឿងក្តីបានច្រើនជាងគេផងដែរ។
៧៖ ការពង្រឹងភាពត្រឹមត្រូវ និងគុណភាពនៃសេចក្តីសម្រេច៖
* ការសម្រេចអំពីការឃុំខ្លួនត្រូវពិនិត្យអំពីលក្ខខណ្ឌច្បាប់ និងស្ថានភាពផ្សេងៗទៀត ដោយប្រើឆន្ទានុសិទ្ធិស្របតាមច្បាប់ ពិនិត្យភាពធ្ងន់ស្រាលនៃបទល្មើស ស្ថានភាពជនត្រូវចោទ មូលហេតុ និងបច្ច័យទាក់ទងផ្សេងទៀត។ ត្រូវយកចិត្តទុកដាក់ពិនិត្យរយៈពេលនៃការឃុំខ្លួនដោយត្រូវចៀសវាងការឃុំខ្លួនលើសថិរវេលាច្បាប់កំណត់។
* អំពីការធ្វើសេចក្តីសម្រេច ទាំងសំណុំរឿងរដ្ឋប្បវេណី ទាំងសំណុំរឿងព្រហ្មទណ្ឌ នៅដំណាក់កាលស៊ើបសួរ និងការចេញសាលក្រម ត្រូវធ្វើការពិនិត្យសម្រេចឱ្យបានត្រឹមត្រូវតាមអង្គហេតុ អង្គច្បាប់ និងភស្តុតាងច្បាស់លាស់ដែលមានក្នុងសំណុំរឿង។ ត្រូវពង្រឹងគុណភាពនៃសេចក្តីសម្រេច ពិសេសផ្នែកសំអាងហេតុនៃសាលក្រមឱ្យមានសង្គតិភាពជាមួយនឹងសេចក្តីសម្រេច បទប្បញ្ញត្តិច្បាប់ រួមទាំងការពិនិត្យឱ្យបានត្រឹមត្រូវនូវចំណុចសារធាតុ ខ្លឹមសារ និងអក្ខរាវិរុទ្ធ។
៨៖ ត្រូវពិនិត្យរាល់សំណើ និងសំណូមពរពីភាគីដែលបានស្នើសុំដោយត្រូវធ្វើការសម្រេច និងឆ្លើយតបឱ្យបានឆាប់រហ័ស ចៀសវាងទុកចោលដោយភាគីពុំបានទទួលដំណឹង ទាំងនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក៏ដូចជារឿងក្តីរដ្ឋប្បវេណី និងការស្នើសុំបញ្ជាក់ស្ថាពរ ឬសុំរូបមន្តអនុវត្ត ចាំបាច់មានការផ្តល់ជូនបានឬផ្តល់ដំណឹងពីការផ្តល់ជូនមិនបាន។
៩៖ យកចិត្តទុកដាក់រៀបចំ និងបញ្ជូនសាលក្រមឱ្យបានឆាប់រហ័សមករក្សាទុកនៅរដ្ឋបាល និងបញ្ជូនសាលក្រមបានទាន់ពេលវេលាទៅតាមគោលដៅដែលត្រូវអនុវត្ត និងធានាការអនុវត្តសិទ្ធិប្តឹងឧទ្ធរណ៍របស់អង្គការអយ្យការ ដោយចៅក្រមទទួលបន្ទុកតាមបន្ទប់នីមួយៗត្រូវម្ចាស់ការក្នុងការផ្តល់ឱ្យបានទាន់ពេលវេលាតាមច្បាប់កំណត់។
* បន្តចាត់ការជូនដំណឹងសាលក្រមកំបាំងមុខតាមនីតិវិធីច្បាប់។
* បន្តត្រួតពិនិត្យធ្វើចំណារសាលក្រមស្ថាពរដើម្បីបញ្ជូនទៅក្រសួងយុត្តិធម៌ និងចាត់ចែងការអនុវត្តឱ្យបានទាន់ពេលវេលា។
* រៀបចំ និងបញ្ជូនសំណុំរឿងជាប់បណ្តឹងឧទ្ធរណ៍/ជំទាស់ ទៅសាលាឧទ្ធរណ៍ឱ្យបានឆាប់រហ័ស និងទាន់ពេលដែលច្បាប់បានកំណត់ រយៈពេលត្រូវធ្វើការបញ្ជូនចំពោះករណីពាក់ព័ន្ធការឃុំខ្លួន។ តាមការពិនិត្យសង្កេតកន្លងមក បានរកឃើញការបញ្ជូនសំណុំរឿងខ្លះមានការយឺតយ៉ាវ។
១០៖ សូមលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីទាំងអស់នៃលេខាធិការដ្ឋានរដ្ឋបាល ទទួលយកការណែនាំខាងលើនេះ និងលទ្ធផលទិសដៅរួមនៃអង្គសន្និបាត នាថ្ងៃនេះយកទៅអនុវត្តឱ្យបានជោគជ័យដោយស្មារតីទទួលខុសត្រូវខ្ពស់។
មុននឹងបិទពិធីអង្គសន្និបាត លោក ងួន ណារ៉ា បានសំណូមពរដល់ លោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា មន្រ្តីលេខាធិការដ្ឋានរដ្ឋបាល និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ សូមបន្តការខិតខំព្យាយាមក្នុងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវ៖ វិរយសម្បយុត្ត សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និងបញ្ញាវុធវិនិច្ឆ័យ និងសូមបំពេញការងារដើម្បីប្រយោជន៍អង្គភាព ប្រយោជន៍ប្រជាពលរដ្ឋទូទៅ ដោយយុត្តិធម៌ និងមិនលម្អៀង ពោល គឺជៀសឱ្យផុតនូវអគតិទាំង ៤ គឺ ឆន្ទាគតិ ភយាគតិ ទោសាគតិ និងមោហាគតិ។
បន្ទាប់ពីបិទអង្គសន្និបាត សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏មានការចែកបណ្ណសរសើរជូនចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីលេខាធិការដ្ឋានរដ្ឋបាលផងដែរ ដែលមានស្នាដៃល្អក្នុងការបំពេញការងារឆ្នាំកន្លងមក៕