(ភ្នំពេញ)៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌកំបូល បើកប្រតិបត្តិការតាមបង្ក្រាបក្រុមជនដៃបានចំនួន៦នាក់ ដែលបានធ្វើសកម្មភាពកាប់ប្រហាលើក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ថេរជិត៣០ថ្នេរ។

លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌកំបូល បើកប្រតិបត្តិការតាមបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោកាប់បណ្តាលឱ្យរបួស) នៅចំណុចតាមផ្លូវបេតុងក្នុងបុរី លឹមឈាងហាក់ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ហុង ពិសិដ្ឋ បានឲ្យដឹងថាជនសង្ស័យចំនួន ០៦នាក់រួមមាន៖

១៖ ឈ្មោះ ឈៀត សុវណ្ណពិទូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជម្ពូវ័នទី២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
២៖ ឈ្មោះ លឹម ឌីដូណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
៣៖ ឈ្មោះ រុន សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
៤៖ ឈ្មោះ រុន មុនីនាដ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
៥៖ ឈ្មោះ អាត កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន) (គ្មានសារធាតុញៀន)។
៦៖ ឈ្មោះ ហ៊ន ស៊ុនធារិទ្ធិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញឃាត់ខ្លួន) (គ្មានសារធាតុញៀន។

ចំណែកជនរងគ្រោះជនរងគ្រោះចំនួន ០១នាក់មានឈ្មោះ ឡាង ហ៊ា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ជនរងគ្រោះរបួសចំកែងដៃខាងស្ដាំ ចំនួន ០១កន្លែង, ជង្គង់ខាងឆ្វេង ចំនួន ០១កន្លែង និងកំភួនដៃខាងឆ្វេងក្រោយ ចំនួន០១កន្លែង ដេរសរុបចំនួន ២៧ថ្នេរ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕