(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិតសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារក្នុងឆ្នាំ២០២៥ របស់ក្រសួងកសិកម្ម, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថាក្រសួងកសិកម្ម បន្តខិតខំបណ្ដុះកូនឈើ ដើម្បីដាំជាចម្ការឈើ និងចែកចាយជូនដល់ប្រជាពលរដ្ឋ ជំនួសឱ្យការប្រើប្រាស់ឈើពីធម្មជាតិ។
បើតាមលោករដ្ឋមន្ត្រី, នៅក្នុងអនុវិស័យព្រៃឈើ ក្រសួងបានកំពុងបន្តខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការទន្រ្ទានកាន់កាប់ដីព្រៃ តាមរយៈការទប់ស្កាប់ បញ្ជូនសំណុំរឿងបទល្មើសទៅតុលាការ និងជម្រុញការចុះបញ្ជីដីរដ្ឋ។
ទន្ទឹមនឹងនេះផងដែរ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ក្រសួងបានខិតខំបន្តបណ្ដុះកូនឈើ ដើម្បីដាំជាចម្ការឈើ និងចែកចាយជូនដល់ប្រជាពលរដ្ឋ ដូចជាជម្រុញការដាំឈើនៅទីធ្លាសាធារណៈ និងទីវាល ដើម្បីបង្កើនគម្របព្រៃឈើ ក្នុងការទទួលបានឈើមកប្រើប្រាស់ ជំនួសលើការពឹងផ្អែកទាំងស្រុងទៅលើឈើធម្មជាតិ»៕