(បាត់ដំបង)៖ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណដឹកជញ្ជូន ដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការ អមដំណើរដោយលោក គឹម សាន់ និងលោក ម៉ី ម៉ាឌី អនុរដ្ឋលេខាធិការ និងមានការចូលរួមពីលោក តាំង ពៅ ប្រធានលេខាធិការដ្ឋានជញ្ជីងចល័តក្រសួង នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យការងារបង្រ្កាបរថយន្ត​ដឹកលើសទម្ងន់កំណត់​របស់ស្ថានីយ៍ចល័តពុកឆ្មា ស្ថិតនៅក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក ហេង ប៊ុនលី ប្រធានស្ថានីយ៍បានប្រាប់ឲ្យដឹងថា នៅក្នុងខែមករា ដើមខែមករាឆ្នាំ២០២៥ ក្រុមការងារស្ថានីយ៍ចល័តពុកឆ្មាបាត់ដំបង បានឃាត់រថយន្តធន់ធ្ងន់១គ្រឿង ដែលបានដឹកលើសទម្ងន់ ក្នុងនោះទម្ងន់សរុបមាន ៦៥តោន បានលើសចំនួន (លើស២៥%) រថយន្តនេះត្រូវរងការពិន័យតាមច្បាប់ និងឃាត់ទុករយៈពេល១ឆ្នាំ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រុមការក្រសួង បានសហការជាមួយស្ថានីយ៍បាត់ដំបង ឃាត់បាន០១គ្រឿងទៀត។

គួររំលឹកថា ក្នុងរបាយការណ៍កាលពីឆ្នាំ២០២៤ មាន៖ រថយន្តពិនិត្យសរុប ១៣០,២៦៦គ្រឿង, រថយន្តផ្ទុកលើសមានចំនួន ៤៣,៤៤១គ្រឿង ក្នុងនោះ ក្រោម ៥% មាន ៤៣,៣៦៣ គ្រឿង, ក្រោម ១០%-២០% មាន៦៧ គ្រឿង, លើសពី ២០% មាន១១ គ្រឿង។

លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ រថយន្តដែលបានឃាត់ទុក ១ឆ្នាំ នៅស្ថានីយ៍សរុប ១៨គ្រឿង (២០២៤) និងដើមឆ្នាំ(២០២៥) នេះ ឃាត់បាន២គ្រឿងទៀតផងដែរ៕