(កំពង់ធំ)៖ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរ ដើម្បីចូលរួមអភិវឌ្ឍមូលដ្ឋាន ជាពិសេសលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងឆ្លើយតបតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។

លោកប្រធានក្រុមការងារបានលើកឡើងដូច្នេះក្នុងវេទិកាសាធារណៈនៅឃុំទ្រា ស្រុកស្ទោង នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅវត្តឥន្ទរង្សី។

លោក ផាង វី បានទទួលយកនូវសំណូមពរ និងបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងទាំងអស់ ដើម្បីប្រជុំពិនិត្យវាយតម្លៃជារួមថា តើសំណូមពរ និងបញ្ហាអ្វីខ្លះ ដែលជាសមត្ថភាព លទ្ធភាពឃុំ ស្រុក ដៃគូអភិវឌ្ឍ ឬស្ថាប័ន មន្ទីរ អង្គភាពនានាអាចធ្វើបាន ហើយបញ្ហាអ្វីខ្លះដែលក្រុមការងារសហការដោះស្រាយ ដើម្បីជាការចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ជាពិសេសលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងឆ្លើយតបតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

លោកបានណែនាំដល់អាជ្ញាធរឃុំទ្រាត្រូវពង្រឹងគុណភាពប្រសិទ្ធភាពការងាររបស់ខ្លួន ជាពិសេសខិតខំរក្សាឲ្យបាននូវគោលការណ៍ភូមិឃុំមានសុវត្ថិភាព ហើយអាណាព្យាបាលត្រូវជំរុញកូនចៅទៅសាលារៀន និងសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ និងជាឱកាសដែលពួកគាត់អាចជៀសផុតពីក្រុមសេពគ្រឿងញៀន ក្មេងទំនើង ឬទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានជំរុញលើកទឹកចិត្តដល់រដ្ឋបាលឃុំទ្រាត្រូវតែមានភាពច្បាស់ការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍមូលដ្ឋាន ដោយមានផែនការមេ និងផែនការសកម្មភាពជាអាទិភាពច្បាស់លាស់ ហើយជៀសវាងនូវការលើកគម្រោងអភិវឌ្ឍន៍ជាន់គ្នាជាមួយនឹងគម្រោងដៃគូអភិវឌ្ឍ អង្គការ ស្ថាប័ន អង្គភាព មន្ទីរពាក់ព័ន្ធ ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលដែលកំពុងតែចូលរួមអភិវឌ្ឍមូលដ្ឋាននាពេលបច្ចុប្បន្ន។

លោកអភិបាលស្រុកស្ទោងបានជំរុញបន្ថែមទៀតដល់អាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋត្រូវសិក្សា និងសហការគ្នាឲ្យអស់ពីលទ្ធភាព ដើម្បីកាយបើកលូ ឬប្រព័ន្ធរំដោះទឹកចាស់មួយចំនួនដែលកកស្ទះ និងត្រូវបានរំលោភបំពានដោយអាណាធិបតេយ្យឱ្យមានរូបរាង និងដំណើរការឡើងវិញ ដែលជាផ្នែកមួយក្នុងការស្រោចស្រព និងជាប្រព័ន្ធរំដោះទឹកឱ្យជន់លិចមូលដ្ឋាន ជាពិសេសទីរួមស្រុកស្ទោងដ៏មានប្រសិទ្ធភាព៕