(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានព្រមានដល់សមាជិកនៃក្រុមប្រទេស BRICS ជុំវិញបំណងរបស់ពួកគេក្នុងការប្រេីប្រាស់រូបិយប័ណ្ណផ្សេងជំនួសប្រាក់ដុល្លារអាមេរិក ដោយគំរាមជាថ្មីថានឹងដាក់ពន្ធ ១០០ភាគរយ ដូចដែលលោកធ្លាប់និយាយក្រោយឈ្នះការបោះឆ្នោត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ ២០២៥។

លោក ត្រាំ បាននិយាយលើបណ្តាញសង្គម Truth Social នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលស្ទើរតែដូចគ្នានឹងសារដែលលោកធ្លាប់បង្ហោះកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ថា «យើងនឹងទាមទារការប្តេជ្ញាចិត្តពីប្រទេស ដែលហាក់ដូចជាមានទំនាក់ទនងមិនសូវល្អជាមួយអាមេរិកទាំងនេះថា ពួកគេនឹងមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី ឬយករូបិយប័ណ្ណផ្សេងមកជំនួសប្រាក់ដុល្លារអាមេរិក បេីពុំនោះទេពួកគេអាចប្រឈមមុខនឹងពន្ធ ១០០ភាគរយ»។

លោក ត្រាំ បន្ថែមថា «គ្មានឱកាសដែល BRICS អាចជំនួសប្រាក់ដុល្លារអាមេរិកក្នុងការធ្វេីពាណិជ្ជកម្មអន្តរជាតិ ឬនៅកន្លែងផ្សេងទៀតបានទេ ហើយប្រទេសណាដែលព្យាយាមធ្វេីដូច្នេះ គួរតែត្រៀមខ្លួនស្វាគមន៍ពន្ធគយ រួចឈប់ទាក់ទងជាមួយអាមេរិកទៅ»។

គួរបញ្ជាក់ BRICS ដំបូងឡេីយរួមមានប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ឥលូវនេះមានសមាជិក ថ្មីទៀតដូចជា ឥណ្ឌូណេស៉ី អេហ្ស៉ីប អេត្យូពី អ៉ីរ៉ង់ និងអេមីរ៉ាត់អារ៉ាប់រួម។ ពួកគេមិនទាន់មានរូបិយប័ណ្ណរួមនៅឡេីយទេ ប៉ុន្តែការពិភាក្សាជាយូរមកហេីយលើប្រធានបទនេះ បានរីកចម្រេីនខ្លះបន្ទាប់ពីលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៉ីជុំវិញសង្រ្គាមនៅអ៊ុយក្រែន៕