(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ គិតគូររៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់ គ.ក.ស.ក នៃរដ្ឋបាលខណ្ឌ និង គ.ក.ន.ក សង្កាត់ ដើម្បីពង្រឹងសមត្ថភាពក្នុងការដោះស្រាយ និងឆ្លើយតបនូវបញ្ហាផ្សេងៗបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
ការស្នើបែបនេះរបស់លោក ម៉ប់ សារិន ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ» នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកស្រី តិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) រាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានឱ្យដឹងថា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ហៅកាត់ថា «គ.ក.ស.ក» មានតួនាទី និងភារកិច្ចស្នូល ចូលរួមក្នុងការកសាងចក្ខុវិស័យជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍនៅក្នុងដែន សមត្ថកិច្ចរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ និងដើម្បីធ្វើឱ្យសម្រេចបាននូវសមភាពយេនឌ័រ និងការផ្តល់សេវា ផ្សេងៗ ដែលពាក់ព័ន្ធនឹងសមភាពយេនឌ័រ បញ្ហាស្ត្រី យុវវ័យ និងកុមារ ក្នុងដែនសមត្ថកិច្ច។
លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យ គ.ក.ស.ក នៃរដ្ឋបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ ក្នុងការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ បញ្ចូលក្នុងកម្មវិធីវិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌ ដើម្បីទទួលបានការគាំទ្រពីក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ។ គ.ក.ន.ក សង្កាត់ទាំង១០៥ ត្រូវរៀបចំកិច្ចប្រជុំប្រចាំខែឱ្យបានទៀងទាត់ និងមានរបាយការណ៍ នៃកិច្ចប្រជុំ ហើយត្រូវរៀបចំគម្រោងផែនការថវិកា និងផែនការសកម្មភាពប្រចាំឆ្នាំ ទៅតាមថវិកាវិភាជន៍ របស់ រដ្ឋបាលសង្កាត់។ គ.ក.ន.ក សង្កាត់ទាំង១០៥ ត្រូវរៀបចំគូសផែនទីសេវាសង្គមភូមិ ដូចមានណែនាំនៅក្នុងសៀវភៅ ស្តីពីការអនុវត្តការងារសេវាសង្គម ឃុំ សង្កាត់ របស់ក្រសួងមហាផ្ទៃ។ គ.ក.ស.ក នៃរដ្ឋបាលរាជធានីភ្នំពេញ, គ.ក.ស.ក នៃរដ្ឋបាលខណ្ឌ, គ.ក.ន.ក សង្កាត់, មន្ទីរ ជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាសហការឱ្យកាន់តែល្អប្រសើរ ដើម្បីឱ្យការអនុវត្ត ការងារសេវាសង្គមនៅថ្នាក់រាជធានី កាន់តែទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាព។គ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ត្រូវបន្តអប់រំ ផ្សព្វផ្សាយនូវគោលនយោបាយគាំពារសង្គមនានា របស់រាជរដ្ឋាភិបាល។
លោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសនោះដែរ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញតួនាទី ភារកិច្ចបានយ៉ាងល្អ និងជោគជ័យ គួរជាទីមោទនៈ នាឆ្នាំ២០២៤កន្លងមកនេះ។ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ បាន រួមចំណែកលើកស្ទួយសមភាពយេនឌ័រ និងបានផ្តល់ភាពអង់អាចដល់ស្ត្រី លើកកំពស់យេនឌ័រ កុមារនិងជនងាយរងគ្រោះ ប្រកបដោយសមធម៏ ប្រសិទ្ធភាព គណនេយ្យភាពនិងបរិយាប័ន្ន។ បន្ថែមពីនេះ គ.ក.ស.ក បានបណ្តុះបណ្តាល ចំណេះ ជំនាញដល់ស្ត្រី ពិសេសយុវតីនៅតាមមូលដ្ឋាន។
លោកស្រី តិមា វិច្ឆិកាល បានសំណូមពរឱ្យ គ.ក.ស.ក ខណ្ឌទាំង១៤ សូមបន្តចូលរួមជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យការងារកាន់តែល្អប្រសើរ។ សូមផ្តល់ព័ត៌មានពាក់ព័ន្ធនិងការរំលោភបំពានលើស្ត្រី និងកុមារឱ្យបានលឿនមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការច្បាប់ឱ្យបានទាន់ពេលវេលា៕