(អាហ្វ្រិកខាងត្បូង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជា​អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនក្នុងនាមជាប្រធានសមាគម លើប្រធានបទ​ «ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ (Greening Financial System: Unlocking Capital for Climate and​ Development)»

កិច្ចពិភាក្សានោះ ក៏មានវាគ្មិនតំណាងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), អ្នកតំណាងពិសេស​របស់ចក្រភពអង់គ្លេសសម្រាប់អាកាសធាតុ, អនុប្រធានធនាគារ​អភិវឌ្ឍន៍អឺរ៉ុប, តំណាងអង្គការសហប្រជាជាតិពាក់ព័ន្ធ​នឹងគំនិតផ្តួចផ្តើមលើហិរញ្ញវត្ថុសម្រាប់កម្មវិធីបរិស្ថាន (UNEP-FI), ប្រធានគម្រោ​ង​សន្ទនីយភាពនិងចីរភាព (Liquidity and Sustainability Facility) នៃគណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់ទ្វីបអាហ្វ្រិក, មូលនិធិវិនិយោគសម្រាប់កុមារ (CIFF), និងតំណាងក្រុម Global Solidarity Levies Task Force និងបេសកជនពិសេសពាក់ព័ន្ធនឹងអាកាសធាតុរបស់ប្រធានាធិបតី​កេនយ៉ា។

ជាកិច្ចចាប់ផ្តើមកិច្ចពិភាក្សា បណ្ឌិត កៅ ថាច ក្នុងនាមសមាគម ADFIAP បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ADFIAP ក្នុងការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីជំរុញការអភិវឌ្ឍប្រកប​ដោយចីរភាព។

លើសពីនេះទៀត​ លោកបណ្ឌិតក្នុងនាមសមាគម ADFIAP បានគូសបញ្ជាក់ពី ចក្ខុវិស័យ និងគោលដៅរួមរបស់សមាគម ADFIAP គឺការជំរុញលើការឈានឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលមានការផ្តួចផ្តើមសំខាន់ៗ រួមមាន៖ ទី១. ការគាំទ្រហិរញ្ញប្បទាននិងការវិនិយោគបៃតង, ទី២. ការតស៊ូមតិលើការរៀបចំគោលនយោបាយ, ទី៣. ការកសាងសមត្ថភាពនិងការចែករំលែកចំណេះដឹង, ទី៤. ការគ្រប់គ្រងហានិភ័យអាកាសធាតុនិងសមាហរណកម្មបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) សម្រាប់លក្ខណៈវិនិច្ឆ័យដើម្បីឈានដល់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ, ទី៥. ការផ្តល់ហិរញ្ញប្បទានបៃតងដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីបន្សាំទៅនឹងការអនុវត្តដែលមានលក្ខណៈនវានុវត្តន៍ និងប្រកបដោយចីរភាព, ទី៦. ភាពជាដៃគូ និងកិច្ចសហការរវាងសមាជិកជាមួយនឹងស្ថាប័នអន្តរជាតិនានា ដើម្បីកំណត់ពីបញ្ហាប្រឈម និងផ្តល់នូវអនុសាសន៍ឆ្លើយតប, ទី៧. ការអភិវឌ្ឍនិងការស្រាវជ្រាវវិភាគពីនិន្នាការនិងផលជះនៃហិរញ្ញប្បទានបៃតង, និង ទី៨. ការតាមដាននិងរៀ​បចំរបាយការណ៍ស្តីពីបរិស្ថាន សង្គម និងអភិបាលកិច្ច ដើម្បីបង្កើនតម្លាភាព និងគណនេយ្យភាពចំពោះកិច្ចខិតខំប្រែងប្រកបដោយចីរភាព។

ជាចុងក្រោយ លោកបណ្ឌិតក្នុងនាមសមាគម ADFIAP បានសង្កត់ធ្ងន់ថា កត្តាចម្បងដែលចាំបាច់ត្រូវគិតគូររួមគ្នា ដើម្បីពង្រឹងនូវកិច្ចសហការចំពោះការដោះស្រាយបញ្ហាគម្លាតនៃហិរញ្ញប្បទានសម្រាប់គាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរួមមាន៖​​ ទី១. ការកៀរគរធនធានហិរញ្ញវត្ថុបន្ថែម, ទី២. ការរៀបចំកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ, ទី៣. ការពង្រឹងការកៀរគរធនធានក្នុងស្រុក និង ទី៤. ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូ៕