(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋធ្វើស្រែរដូវប្រាំងត្រូវតាមដានព័ត៌មាន និងស្ដាប់តាមការណែនាំរបស់ក្រសួងពាក់ព័ន្ធ ដើម្បីបង្ការការខូចខាតស្រូវរដូវប្រាំង ដោយសារតែខ្វះទឹកប្រើប្រាស់។ ការអំពាវនារបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានក្រោមប្រធានបទ «ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។
បើតាមការបញ្ជាក់ពីលោករដ្ឋមន្រ្តី គិតត្រឹមឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១,៩៦៩,៨៤៣ហិកតា ក្នុងនោះស្រូវរដូវវស្សាមាន ១,៣៨៧,០៥១ហិកតា និងស្រូវរដូវប្រាំងមានចំនួន ៥៨២,៧៩២ហិកតា។ ដោយសារតែប្រឡាយ និងអាងទឹកមួយចំនួនមានសភាពគោករាក់ ដែលចាំបាច់ត្រូវស្ដាឡើងវិញ និងការប្រែប្រួលអាកាសធាតុធ្វើឱ្យមានទឹកជំនន់ និងរាំងស្ងួត ដែលប៉ះពាល់ដល់ការអភិវឌ្ឍ និងគ្រប់គ្រងទឹក។ ខណៈដែលសម្ភាធនៃការប្រើប្រាស់ទឹកសម្រាប់វិស័យកសិកម្មមានការកើនឡើងច្រើន ជាក់ស្ដែង ផែនការអនុវត្តស្រូវរដូវប្រាំងឆ្នាំ២០២៤-២០២៥ មានចំនួន ៥៣ម៉ឺនហិកតា ប៉ុន្តែការអនុវត្តជាក់ស្ដែងមានរហូតដល់ទៅ ៩០ម៉ឺនហិកតា ឬស្មើនឹង ១៧០%ឯណោះ។
អាស្រ័យហេតុនេះទើបលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវទៅកាន់ប្រជាពលរដ្ឋយ៉ាងដូច្នេះថា៖ «សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ក្នុងការស្ដាប់ នូវការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការ នៅក្នុងនោះគឺតែងតែប្រកាស ជារៀងរាល់ឆ្នាំ ជាពិសេសចុងរដូវវស្សា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋស្ដាប់ និងទទួលនូវព័ត៌មានទាំងឡាយដែលក្រសួងធនធានទឹកបានផ្ដល់ជូន ហើយមិនត្រឹមតែប៉ុណ្ណោះទេ ក្រសួងក៏បានផ្សព្វផ្សាយទៅដល់ខេត្តទៅដល់ស្រុក ទៅដល់ឃុំតែម្ដង។ អញ្ចឹងហើយសូមបងប្អូនយកចិត្តទុកដាក់ក្នុងការសហការណ៍ ជាមួយក្រសួងក៏ដូចជាអាជ្ញាធរដែនដី ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនកុំឱ្យខាត ប្រើប្រាស់ទឹកកុំឱ្យខាត ស្ដាប់តាមការណែនាំគឺបងប្អូនអាចចំណេញពេលវេលា អាចចំណេញថវិកា ហើយកម្លាំងថែមទៀត សូមបងប្អូនយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ទឹកជាពិសេសរដូវប្រាំងតែម្ដង»។
សូមជម្រាបថា គិតមកដល់ពេលបច្ចុប្បន្ននេះ ប្រព័ន្ធធារាសាស្រ្តកម្ពុជាមានប្រវែងសរុបប្រហែល ៧០,០០០គីឡូម៉ែត្រ និងអាចស្តុកទឹកបានប្រមាណ ៤,០០០លានម៉ែត្រគូប ពីអាងទឹកធំតូច ប្រហែល១,៥០០អាង។ ក្នុងនោះបរិមាណទឹកប្រមាណ ៨០% ត្រូវបានប្រើប្រាស់ស្រោចស្រពផ្ទៃដីកសិកម្ម ជាពិសេសដំណាំស្រូវ ចំណែកឯការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ និងបម្រើឱ្យវិស័យឧស្សាហកម្ម មានតម្រូវការប្រមាណ ២០% នៃការប្រើប្រាស់ទឹកសរុប។ កម្ពុជានៅប្រឈមនឹងការខ្វះខាតទឹកប្រមាណ ៣,០០០ម៉ែត្រគូបទៀត ដែលចាំបាច់ត្រូវការអាងទឹក និងប្រព័ន្ធធារាសាស្រ្តឱ្យមានលក្ខណៈពេញលេញបន្ថែមទៀត ដើម្បីធានាបានទឹកស្រោចស្រពដល់ផ្ទៃដីរបស់កសិករ៕