(ភ្នំពេញ)៖ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ តំណាងលោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពីផលប៉ះពាល់នៃការបំពុលខ្យល់ ជូនសមាជិកាសកម្មសរុបចំនួន៥០រូប នៅរាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស បានឱ្យដឹងថា គោលបំណងដែលសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ ផ្តួចផ្តើមរៀបចំឱ្យមានកម្មវិធីបណ្តុះបណ្តាលនេះឡើង គឺដើម្បីផ្សព្វផ្សាយ និងផ្តល់នូវចំណេះដឹងបន្ថែមដល់ក្មួយៗ ដែលជាសមាជិកាសកម្មរបស់សមាគម និងជាកម្លាំងចលករដ៏សំខាន់របស់សង្គម ឱ្យបានយល់ដឹងបន្ថែម ពីបញ្ហាប្រឈមរបស់សង្គមដែលកំពុងតែមានការរីកលូតលាស់ និងការអភិវឌ្ឍ នាពេលបច្ចុប្បន្ននេះ ដោយក្នុងនោះ ការកើនឡើងនៃមធ្យោបាយធ្វើដំណើរ, ការប្រើប្រាស់ថាមពល ក្នុងដំណើរការផលិតកម្ម, លំនៅឋាន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នាពេលបច្ចុប្បន្ននេះ បណ្តាលឱ្យមានការកើនឡើង ក្នុងការបញ្ចេញឧស្ម័នបំពុលបរិយាកាស ហើយកត្តានេះ ក៏បានផ្តល់ផលប៉ះពាល់យ៉ាងធំធេងដល់យើងគ្រប់គ្នា ព្រោះថាខ្យល់ពុលអាចសាយភាយបានឆ្ងាយ និងបង្កឱ្យមានការបំពុលខ្យល់ក្នុងតំបន់ និងឆ្លងដែនផងដែរ។

ទន្ទឹមនេះ ឥទ្ធិពលពីកត្តាអាកាសធាតុ និងភូមិសាស្ត្របានធ្វើឱ្យការបំពុលខ្យល់ក្លាយជាបញ្ហាប្រឈមមួយដល់បរិស្ថាន ពិសេសការប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់យើង ដែលចំណុចនេះ ទាមទារឱ្យមានការយល់ដឹង និងយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។

លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា ការបំពុលខ្យល់ ដែលកំពុងតែកើតមាននាពេលនេះ មិនអាចចាត់ទុកថា ជាបញ្ហារបស់ប្រទេស ណាមួយឡើយ ព្រោះនេះជាបញ្ហារួមរបស់ពិភពលោកទាំងមូល ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោះស្រាយ។

បន្ថែមពីនេះ លោកស្រី ដោ សម្ផស្ស បានស្នើឱ្យក្មួយៗដែលទទួលបានការបណ្តុះបណ្តាលនេះ នាំយកចំណេះដឹងដែលទទួលបាន ទៅបង្ហាត់បង្ហាញ និងផ្សព្វផ្សាយបន្ត នៅក្នុងសហគមន៍រស់នៅរបស់ក្មួយៗ ដើម្បីរួមចំណែក ជួយលើកកម្ពស់ធ្វើឱ្យទីក្រុង ក៏ដូចជាប្រទេសរបស់យើង មានគុណភាព ខ្យល់ស្អាត បរិស្ថានល្អ ពិសេសនាំមកនូវសុខុមាលភាពល្អក្នុងការរស់នៅប្រចាំថ្ងៃ៕