(ភ្នំពេញ)៖ សមាគមកាយឬទ្ធិនារីកម្ពុជា នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធី «បងស្រី និងប្អូនស្រី» (Sister & Sister) ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ​សមាគមកាយឬទិ្ធកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសាលមហាស្រព កោះពេជ្រ និងមានការអញ្ជើញចូលរួមយុវតី សិស្ស-និស្សិត សមាជិក សមាជិកាជាង២ពាន់នាក់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីនេះ «បងស្រី និងប្អូនស្រី» ដែលសមាគមកាយឬទ្ធិនារីកម្ពុជា តែងតែរៀបចំឡើងមកនេះ គឺក្នុងគោលបំណង ដើម្បីឱ្យប្អូនៗក្មួយ ទទួលបាននូវបទពិសោធន៍ដែលល្អៗ ហើយចែករំលែកឱ្យគ្នាទៅវិញទៅមក ហើយទទួលបានចំណេះដឹងមួយ ដែលនៅក្នុងសាលាមិនអាចទទួលបាន។

ថ្ងៃនេះមានសមាគមជាច្រើនបានចូលរួម ទាំងសមាគមកាយឬទ្ធិជាតិ យុវជនកាកបាទក្រហមកម្ពុជា ត.ម.ត និង TYDA ។ «នេះជាឱកាសដើម្បីភ្ជាប់ទំនាក់ទំនងគ្នា ព្រោះគោលដៅរបស់សមាគមយើងទាំងអស់ គឺដើម្បីយុវជន និងយុវតីជំនាន់ក្រោយ ។ទោះបីជាយើងធ្វើការងារផ្សេងៗគ្នា តែគោលដៅរួមតែមួយជាមួយគ្នា»។ ការបញ្ជាក់បន្ថែមរបស់លោកជំទាវបណ្ឌិត​។

នៅក្នុងវិធី «បងស្រី និងប្អូនស្រី» គឺមាននូវកម្មវិធីសំណួរ-ចម្លើយដ៏ពិសេសមួយ ដែលធ្វើឡើងរវាងលោកជំទាវបណ្ឌិត និងយុវជន និងយុវតី ជាសមាជិក សមាជិកា នៅក្នុងសមាគមខាងលើ ចោទជាសំណួរ ជូនដល់លោកជំទាវបណ្ឌិត ដើម្បីធ្វើការចែករំលែកបទពិសោធន៍ក្នុងជីវិតផ្ទាល់ខ្លួន ដើម្បីជាចំណេះដឹងមួយល្អក្នុងការពង្រឹងសមត្ថភាពទាំងចិត្ដគំនិត និងស្មារតី ដល់យុវជន និងយុវតី ដើរទៅលើវិថីមួយប្រកបដោយគុណភាព សមត្ថភាព និងសមធម៌ ពិសេសក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិ មិនមែនជាបន្ទុក។

សូមជម្រាបថានៅក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ក៏មានពិធីបិតបេះដូង និងថតរូបអនុស្សាវរីយ៍ផង៕