(រតនគិរី)៖ មន្ទីរកិច្ចការនារីខេត្តរតនគិរី ប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»។
ពិធីនេះ ប្រារព្ធធ្វើនៅភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស និងលោកស្រី សៅ ផល្លា អនុប្រធានមន្ទីរកិច្ចការនារីខេត្ត។
បន្ទាប់ពី លោកស្រី សៅ ផល្លា អានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ រួចមកលោកមាស សារ៉េត អភិបាលស្រុកអណ្តូងមាស បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាច របស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលនៅក្នុងនោះ (ស្ត្រីគឺជាស្នូល) តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័របង្ក លក្ខណៈអំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពី ផែនការគ្រួសារកាត់បន្ថយ ភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រលើស្ត្រី និងក្មេងស្រី។
លោកអភិបាលស្រុកបានបន្តទៀតថា ការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រីការធ្វើបរិវត្តកម្មផ្នត់គំនិត យេនឌ័រ និងការពង្រឹងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ។ ពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រីតាមរយៈកម្មវិធី និងយុទ្ធសាស្ត្រអាទិភាពមាន៖ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ អនុវត្តរបៀបវារៈនិងផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។
លើកកម្ពស់កិច្ចគាំពារសង្គមដែលឆ្លើយតបនឹងយេនឌ័រ ការងារសមរម្យ និងកន្លែងដែលមានមេត្រីភាព សម្រាប់ស្ត្រី និងការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់ជាសកលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានដោយសមធម៌។ ពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល សហគ្រិនភាពការអភិវឌ្ឍជំនាញសេដ្ឋកិច្ច គិតគូរពីសុខុមាលភាពអភិវឌ្ឍបៃតងការប្រែប្រួលអាកាសធាតុព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ប្រកបដោយបរិយាបន្ន។
នៅក្នុងឱកាសនេះ ក៏មានការសួរឆ្លើយ សិស្សានុសិស្សទាក់ទងនឹងក្រោមប្រធានបទ «សិទ្ធិ សមភាពនិងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» និងចែកវត្ថុអនុស្សាវរីយ៍ ដល់ជ័យលាភីដែលបានឆ្លើយត្រូវផងដែរ៕