(ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងធម្មការនិងសាសនា នៅសាលសន្និសីទចតុម្មុខ។

ពិធីនេះមានការយាង និមន្ត និង អញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា , សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង ព្រះរាជតំណាង សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចសង្ឃ ព្រះមន្រ្តីសង្ឃលោក លោកស្រីថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា, លោក លោកស្រី អភិបាលរងខេត្ត តំណាងនិកាយសាសនាផ្សេងៗ បាននិមន្តនិងអញ្ជើញចូលរួមផងដែរ។

ក្នុងពិធីបើកសន្និបាត លោករដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការនិងសាសនា ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈ ជូនក្រសួងធម្មការនិងសាសនា និងរាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានកត់សម្គាល់នៅក្នុងព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានរំលេចថា សម្តេចធិបតី ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្តក្លៀវក្លា បញ្ញាវាងវៃ ស្មារតីមោះមុត បន្តវេនពី សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេស ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវកិត្យានុភាពខ្ពស់ត្រដែតលើឆាកជាតិ និងអន្តរជាតិ។

លោក ចាយ បូរិន បន្តថា ក្រសួងធម្មការនិងសាសនា បានបន្តអនុវត្ត គោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មុំទី៥ គឺ ៖ ការការលើកកម្ពស់សាសនារបស់រដ្ឋ ,ការលើកកម្ពស់សីលធម៌សង្គម ,ការរក្សាសុខដុមនីយកម្មសាសនា ,ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត , ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។
ជាពិសេសគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និងក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា សំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់ និង នវានុវត្តន៍ ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងសុខុមាលភាព ប្រែក្លាយកម្ពុជា ជាប្រទេសជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធារ សម្បូរ សម្បាយ និងវិបុលភាព ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប។

តាមរយៈការអនុវត្តផែនការសកម្មភាពការងារក្នុងឆ្នាំ២០២៤ នេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បានចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារប្រចាំថ្ងៃឆ្លើយតបទៅនឹងផែនការ ដែលបានដាក់ចេញ ដោយសម្រេចបានលទ្ធផលការងារតាមផែនការគ្រោងទុក ដើម្បីរក្សាបាននូវសុដុមនីយកម្មសាសនា តាមរយៈគ្រប់សាសនាទាំងអស់ បានចូលរួមសហការ លើកិច្ចការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការងារមនុស្សធម៌ ធានាឱ្យវត្តអារាមក្លាយទៅជាកន្លែងប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃ និងជាបុញ្ញខេត្ត គួរជាទីជ្រះថ្លារបស់ប្រជាជនកម្ពុជា ក្នុងការបំពេញកុសល្យ ក្រសួងធម្មការនិងសាសនា បានបង្កើតអភិក្រម ស៣ សម្រាប់វត្តអារាម រួមមាន ៖ វត្តស្អាត វត្តស្វាង និងវត្តស្ងប់ ហើយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ សម្រាប់អនុវត្តតាមវត្តអារាមនៅទូទាំងប្រទេស។

វត្តអារាមទាំងអស់ក៏ជាកន្លែងសម្រាប់ការអនុវត្តនូវគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល និងចូលរួម ផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារ ការលុបំបាត់អំពើហឹង្សា ការទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្រៅពីនេះ ក្រសួងក៏បានធានានូវការលើកកម្ពស់វិស័យពុទ្ធិកសិក្សា ដែលជាឆ្អឹងខ្នងរបស់ព្រះពុទ្ធសាសនា ដោយជំរុញតួនាទីរបស់អគ្គាធិការដ្ឋាន ដែលជាផ្នែកមួយដ៏សំខាន់របស់ក្រសួងតាមរយៈការពង្រឹងគុណភាពប្រឡងគ្រប់កម្រិតពុទ្ធិកសិក្សា និងការពង្រឹងសមត្ថភាពរបស់គ្រូគ្រប់កម្រិត។

ដើម្បីឲ្យសន្និបាត ទទួលបានជោគជ័យតាមការគ្រោងទុក លោករដ្ឋមន្រ្តីបានសំណូមពរ ដល់អង្គសន្និបាត ដូចខាងក្រោម៖

១៖ ត្រូវធ្វើការពិភាក្សា និងរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ដើម្បីធ្វើយ៉ាងណា រៀបចំនូវទិសដៅបន្ត សម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

២៖ សូមឱ្យសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូលចូលរួមជាមតិយោល់ឱ្យបានផុលផុស ស្វែងរកធាតុចូលថ្មីៗបន្ថែមទៀត ដើម្បីជាវិភាគទានចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រទាំង ៥របស់ក្រសួង រយៈពេល៥ឆ្នាំ ២០២៤-២០២៨ ឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។

៣៖ សូមនិមន្ត និងអញ្ជើញចូលរួមឲ្យបានពេញលេញ ប្រកបដោយព្រះស្មារតី ស្មារតីបុរេសកម្ម ក្នុងការពិភាក្សា រក្សាសាមគ្គីភាពផ្ទៃក្នុង និងភាពស្មោះត្រង់ ក្នុងគ្រួសារតែមួយ នៃក្រសួងធម្មការ និងសាសនា ដើម្បីរួមគ្នាគិត រួមគ្នាអនុវត្តប្រកបដោយការទទួលខុសត្រូវ និងរួមគ្នាទទួលបានលទ្ធផលល្អប្រសើរទាំងអស់គ្នា និងសូមឱ្យកិច្ចពិភាក្សា ក្នុងអង្គសន្និបាតនាពេលនេះ ទទួលបានផ្លែផ្កា ជាវិជ្ជមានដើម្បីចូលរួមអភិវឌ្ឍវិស័យធម្មការ ឱ្យមានការរីកចម្រើន និងរុងរឿង៕