(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឃាត់ខ្លួនក្មេងទំនើង២នាក់ ដើម្បីធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីបានជិះម៉ូតូបង្ហោះតាមផ្លូវក្រាលកៅស៊ូ ក្នុងភូមិសាស្ត្រឃុំពោធិរាជ បង្កឱ្យមានការរិះគន់ពីមហាជន។
លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១០និង៣៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ បានទទួលព័ត៌ពីប្រជាពលរដ្ឋ ថាមានក្មេងទំនើងចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូបង្ហោះតាមផ្លូវក្រាលកៅស៊ូស្ថិតភូមិអូសំដី និងភូមិព្រៃខ្លា ឃុំពោធិរាជ ស្រុកស្វាយជ្រំ។
ពេលទទួលព័ត៌មានពីប្រជាពលរដ្ឋបានហើយ កម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកស្វាយជ្រំ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍រាជ បានធ្វើការស្រាវជ្រាវទើបកំណត់មុខសញ្ញាក្មេងទំនើងបានទាំង២នាក់។
លោក សោម សុភ័ណ្ឌ បានបញ្ជាក់ថា ក្មេងទំនើងមានឈ្មោះ សេ វិបុល អាយុ១៥ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី១០ នៅវិទ្យាល័យស្វាយរៀង មានទីលំនៅភូមិអូសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងឈ្មោះ រ៉ន មេសា អាយុ១៤ឆ្នាំ មុខរបរសិស្សរៀនថ្នាក់៩ នៅអនុវិទ្យាល័យពោធិ៍រាជ មានទីលំនៅភូមិអូសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បន្ទាប់មកសមត្ថកិច្ចបានកោះហៅមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ។
លោកអធិការបានបន្តថា នៅចំពោះមុខសមត្ថកិច្ចក្មេងទំនើងទាំង២នាក់ បានឆ្លើយសារភាពថា កាលពីថ្ងៃមិនចាំនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៧និង៣០ នាទី ពួកខ្លួនទាំង២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកប៊ីតពណ៌ក្រហម ឌុបគ្នាចេញពីផ្ទះទៅដល់លើផ្លូវក្រាលកៅស៊ូក្បែរបងវត្តស្វាយ ស្ថិតនៅចំណុចភូមិអូសំដី និងភូមិព្រៃខ្លា ឃុំពោធិរាជ ក៏ចាប់ផ្តើមជិះម៉ូតូបង្ហោះលើដងផ្លូវចំនួន៣ ទៅ៤ដងទើបឈប់ ពេលធ្វើសកម្មភាពជិះម៉ូតូបង្ហោះនោះពួកខ្លួនបានកាន់ទូរស័ព្ទថតជាឃ្លីបវីដេអូ ពេលថតបានហើយក៏បង្ហោះហ្វេសស្បុកធ្វើជាតេកតុកលេង។
ក្រោយពីបានស្តាប់ការបំភ្លឺពីក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងសុំយោបល់លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីធ្វើកិច្ចសន្យាអប់រំ និងឱ្យឪពុក ម្តាយធ្វើលិខិតធានាយកទៅផ្ទះវិញអប់រំបន្ត។ ចំពោះម៉ូតូដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចំនួន ៣ខែផងដែរ៕