(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានបន្តចុះចែកបន្លែស្រស់ៗ ប្រេងឆា និងអង្ករ ជូនដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

លោក ធឹម សំអាន បានថ្លែងថា បើប្រជាពលរដ្ឋ មានបញ្ហាបន្ទាន់ណាមួយសុំទៅរកស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលនៅជិតបំផុត គឺមន្ត្រីគណបក្សរងចាំទទួលដោះស្រាយតាមជាក់ស្ដែងជូនភ្លាម។ ប៉ុន្តែបើមិនហ៊ានចូលស្នាក់ការគណបក្សប្រជាជនទេ សូមអញ្ជើញទៅរកសាលាសង្កាត់ ឬសាលាខណ្ឌ នោះនឹងមានមន្ត្រីចាំទទួលដោះស្រាយជូន។

លោកអភិបាលខណ្ឌព្រែកព្នៅ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។ ជាមួយគ្នានេះ លោកសូមឲ្យគ្រួសារទាំងអស់ មេត្តាខិតខំថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តវិធានការបង្ការ ជំងឺដង្កាត់ផ្សេងៗ។

លោកបន្តថា តាមការណែនាំពីលោក ឃួង ស្រេង ដោយលើកឡើងថា មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់មើលប្រជាពលរដ្ឋរបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ មានន័យថា នៅពេលពួកគាត់មានបញ្ហាខ្វះខាតត្រូវផ្តល់ជូនពួកគាត់ភ្លាម ពិសេសមើលប្រជាពលរដ្ឋ ដែលនៅក្នុងមូលដ្ឋានជាមួយយើងនេះតែម្តង យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារឡើយ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅ មានលោក ធឹម សំអាន ដឹកនាំ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសអ្នកដែលមានជីវភាពទីទ័លក្រ និងជនចាស់ជរា គ្មានទីពឹង៕