(កែប)៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លា ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៦៦៧នាក់ ស្រី៣៣៣នាក់ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប «ដើម្បីចូលរួមអបអរសាទរ សិទ្ធិនារី ៨មីនា» ដោយបានលើសគម្រោងផែនការ។
ការពិនិត្យ និងព្យាបាលរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការសហការជាមួយ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែប ក្រុមការងារចុះមូលដ្ឋានខេត្តកែប យុវជនកាកបាទក្រហមកម្ពុជា សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ យុវជនកាយរិទ្ធិកម្ពុជា និងអាជ្ញាធរ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តកែបដែលពាក់ព័ន្ធជាមួយក្រុមការងារ។ ទន្ទឹមនឹងនេះក៏មានការចូលរួមពី លោក លោកស្រី វេជ្ជបណ្ឌិត ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម សង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ ចែកឱសថ ទឹកសុទ្ធ ជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្ម បានចំនួន ៥៧៥៣នាក់ ស្រីចំនួន ៤១៤២នាក់ និងរទេះរុញជនពិការ ចំនួន ៥គ្រឿង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ដែលនាំអោយមានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជាស្របទៅតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ឱកាសនោះ លោក ប៊ុន យោង អភិបាលរងខេត្តកែប បានកោតសរសើរ និងគោរពថ្លែងអំណរគុណជូន ដែលបានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។ ជាពិសេសជានេះទៅទៀតនោះគឺ គ្រូពេទ្យ និងវេជ្ជបណ្ឌិត (មកពីក្រៅប្រទេស) សុទ្ធសឹងតែមានជំនាញច្បាស់លាស់ក្នុងពិនិត្យ និងព្យាបាលជូនអ្នកជំងឺ បូករួមជាមួយនិងថ្នាំពេទ្យល្អៗ ជួយដល់អ្នកជំងឺឆាប់ជាសះស្បើយ និងគ្រូពេទ្យមានច្រើនជំនាញ ដើម្បីព្យាបាលប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។
អភិបាលរងខេត្តកែបរូបនេះបានបញ្ជាក់បន្ថែមថា «បងប្អូនប្រជាពលរដ្ឋមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានអញ្ជើញមកចូលរួមយ៉ាងច្រើនលើសផែនការគ្រោងទុក នេះសរបញ្ជាក់ឱ្យឃើញថា មានការជឿជាក់លើក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី (អំពើល្អរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានដក់ជាប់ក្នុងបេះដូងបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ នៅគ្រប់ទិសទីដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះទៅដល់)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ជាច្រើនលើកមកខេត្តកែប ក្នុងការពិនិត្យព្យាបាលជំងឺ ចែកឱសថ ទឹកសុទ្ធ ភេសជ្ជៈ នំប៉័ង នំបញ្ចុក ជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម»។
ជាមួយគ្នានោះដែរ លោក លេង ផាលី បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារ ដែលចូលរួមក្នុងពិធីនេះ។
នាឱកាសនេះដែរ ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ គូសបញ្ជាក់ផងដែរថា តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយ សមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មកពីប្រភពមានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។
គួរបញ្ជាក់ថា ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ។
លោក លេង ផាលី បានបញ្ជាក់ថា «ក្នុងរយៈពេល ១៣ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២ មីនា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សាកលវិទ្យាល័យ ចំនួន ៣សាខា)»។
សូមជម្រាបថា ការដឹកនាំសម្របសម្រួលដោយ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លា ដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន ២១២៤លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.៣១១.៦៨៣នាក់ (ដប់បីលានសាមសិបមួយម៉ឺនមួយពាន់ប្រាំមួយរយប៉ែតសិបបីនាក់) ក្នុងនោះស្ត្រីមានចំនួន ៦.៨២៧.៧២៥នាក់ (ប្រាំមួយលាន ប៉ែតសិបពីរម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ ម្ភៃប្រាំ នាក់) គិតត្រឹម ថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៥ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧.៥៧៧.៧៦០នាក់ (ដប់ប្រាំពីរលានហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ ប្រាំពីររយហុកសិបនាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៥.៥៨៤.១៥០ដុល្លារ (ប្រាំមួយរយហុកសិបប្រាំលានហាសិបប្រាំបីម៉ឺនបួនពាន់មួយរយហាសិប ដុល្លារសហរដ្ឋអាមេរិក)។
លោក លេង ផាលី បានឲ្យដឹងថាទៀតថា «ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់»។
ជាចុងក្រោយ លោក លេង ផាលី បានបញ្ជាក់បន្ថែមថា «យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិនិងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាព ប្រជាជនគឺនាំអោយមានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទៅដល់ទីណាគឺប្រជាពលរដ្ឋសប្បាយរីករាយស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅនិងពេញចិត្តគាំទ្រ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខ្លាំងណាស់។ និយាយដោយខ្លីគឺ "ចុះដល់ទីណា ទទួលបានការគាំទ្រដល់ទីនោះហើយអំពើល្អរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ត្រូវបានដក់ជាប់ក្នុងបេះដូងបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ"។ យើងទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ តែងតែគាំទ្រ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា»៕