(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុករវៀង នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុចំនួន១៦១៧បណ្ណ ជូនប្រជាពលរដ្ឋចំនួន៩៨១គ្រួសារ នៅឃុំរក្សា ស្រុករវៀង។

លោក គីម រិទ្ធី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិត តែងគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់ៗរូប។

អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋយើងពីកត្តាសុខសន្តិភាព ដែលមានសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ន ដែលធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំងប្រទេស និយាយដោយឡែក នៅស្រុករវៀង ខេត្តព្រះវិហាររបស់យើង។

លោក គីម រិទ្ធី បានថ្លែងបញ្ជាក់អំពីប័ណ្ណកម្មសិទ្ធដីធ្លីដែលចែកនាពេលនេះ គឺជាកេរដំណែលដ៏មានតម្លៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋយើង ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅ គ្រប់ក្រុមគ្រួសារឱ្យកាន់តែប្រសើរឡើង។

លោកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើងដែលទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីនាពេលនេះ ត្រូវថែរក្សាទុកដាក់ឱ្យបានល្អ ជៀសវាងយកទៅអ៊ុតក្នុងថង់ប្លាស្ទិក ដែលជាហេតុធ្វើឱ្យមានការលំបាកនៅពេលយើង យកទៅប្រើប្រាស់ក្នុងកិច្ចការផ្សេងៗ៕