(ក្រចេះ)៖ ក្រុមហ៊ុន ហ្គ្រីនអាលែន អេហ្គ្រីខនឆឺលែ ឌើវឡុបម៉ិន បានចេញមកអះអាងថា ខ្លួនមិនជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន ខេមបូឌា បាណាណា អេហ្គ្រីខលឆឺ ហៅកាត់ថា CBA ដែលមានបុគ្គលិកប្រើកាំភ្លើងខុសច្បាប់បាញ់សម្លាប់សត្វពាហនៈប្រជាពលរដ្ឋ នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះនោះឡើយ។
ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន ហ្គ្រីនអាលែន អេហ្គ្រីខនឆឺលែ ឌើវឡុបម៉ិន ក្រៅពីមិនជាប់ពាក់ព័ន្ធហើយនោះ គឺថែមទាំងទទួលរងគ្រោះដោយសារក្រុមហ៊ុន CBA ទន្ទ្រានចូលដីសម្បទានកសិកម្មរបស់ខ្លួនថែមទៀតផង។
ក្រុមហ៊ុន ហ្គ្រីនអាលែន អេហ្គ្រីខនឆឺលែ ឌើវឡុបម៉ិន បានបន្ថែមទៀតថា បច្ចុប្បន្នខ្លួនកំពុងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងជាក់ស្ដែងលើដីសម្បទាននោះវិញផងដែរ។
សូមរំលឹកថា ប្រជាពលរដ្ឋនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានការព្រួយបារម្ភខ្លាំង ដោយសារតែក្រុមជនជាតិចិនធ្វើការនៅក្នុងក្រុមហ៊ុនចំការចេក «ក្រុមហ៊ុន ខេមបូឌា បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក (CBA)» ប្រើរថយន្ត និងកាំភ្លើងដើរធ្វើសកម្មភាពរបាញ់សត្វគោ ក្របីរបស់ពួកគាត់ងាប់ និងរបួសច្រើនករណី។
ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមជនជាតិចិនមួយ ប្រើប្រាស់រថយន្ត Pick up ពណ៌សមួយគ្រឿង ប្រដាប់ដោយអាវុធ ដើរគៀងគោក្របីរបស់ប្រជាពលរដ្ឋបាញ់ សម្លាប់ជាបន្តបន្ទាប់ ហើយលើកដាក់ត្រាក់ទ័រយកចូលទៅក្នុងបរិវេណ ក្រុមហ៊ុន ខេមបូឌា បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក (CBA) ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ, ប្រសិនបើករណីដែលគោក្របីរបស់ពួកគាត់ ចូលទៅស៊ីដែលធ្វើឲ្យប៉ះពាល់នៅក្នុងដីក្រុមហ៊ុននោះគួរណាតែចាប់ទុក ហើយហៅម្ចាស់ទៅធ្វើការផាកពិន័យបង់លុយតាមការខូចខាត មិនគួរដើរគៀងសត្វគោក្របីរបស់ពួកគាត់ ដែលលេងឲ្យស៊ីស្មៅនៅតាមព្រៃនោះទេ។
សកម្មភាពរបស់ជនជាតិចិន នៅក្នុងក្រុមហ៊ុនមួយនេះ តែងតែបើករថយន្ត Pick up ហើយប្រើប្រាស់កាំភ្លើងដើរបាញ់សត្វគោក្របីរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ប៉ុន្តែមិនមានអ្នកណាហ៊ានប្ដឹង៕