(ព្រៃវែង)៖ មានអគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែងបានបណ្តាលឱ្យលោកយាយម្នាក់វ័យ៨៨ឆ្នាំម្នាក់ រងរបួសរលាកភ្លើង និងបំផ្លាញទ្រព្យសម្បត្តិអស់មួយចំនួនធំផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២និង៤០នាទីរសៀល ស្ថិតនៅភូមិ បឹងវែង ឃុំ ដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះឡើងគឺមកពីម្ចាស់ផ្ទះផ្សារគោយន្ត បណ្តាលឱ្យខ្ទាតផ្កាភ្លើងទៅប៉ះចំឃ្លាំងចំប៉ើងដែលដាក់ជាប់ផ្ទះ។

សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនោះមានឈ្មោះ អ៊ុច វន់ អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ ធុយ នាង និងលោកយាយម្នាក់ឈ្មោះ អ៊ុច ប៊ូ អាយុ៨៨ឆ្នាំបានរងរបួសរលាកភ្លើង ចំពោះទំហំ នៃការខូតខាតវិញរួមមាន ឆេះប្លង់ដី៥ប្លង់ ថវិការ ៨,៥០០០០០រៀល មាស៦ជី ផ្ទះទំហំ ៧គុណ១៥ម៉ែត្រ ជញ្ជាំងក្តា ដំបូលប្រក់ក្បឿង និងរ៉ឺម៉កគោយន្ត១គ្រឿង។ 

សូមបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីរដ្ឋបាលប៉ុស្តិ៍ កម្លាំងអន្តរាគមន៍ស្រុកស្វាយអន្ទរ សមត្ថកិច្ចបានចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះ ដែលដឹកដោយលោកវរសេនីយ៍ឯក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ ក្នុងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង, រថយន្តពន្លត់អគ្គីភ័យខេត្ត១គ្រឿង, រថយន្តពន្លត់អគ្គីភ័យស្រុកស្វាយអន្ទរ១គ្រឿង, រថយន្តពន្លត់អគ្គីភ័យស្រុកបាភ្នំ១គ្រឿង, រថយន្តពន្លត់អគ្គីភ័យស្រុកពោធិ៍រៀង ១គ្រឿង, រថយន្តពន្លត់អគ្គីភ័យស្រុកមេសាង១គ្រឿង។

ករណីភ្លើងឆេះផ្ទះនេះត្រូវបានពន្លត់រលត់ទាំងស្រុង ដោយមិនបណ្តាលឱ្យឆេះឆ្លងទៅផ្ទះផ្សេងៗទៀតឡើយ ដោយប្រើទឹកសរុប១៦រថយន្ត។

អាជ្ញាធរសូមអំពាវនាវប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចំអិនម្ហូបអាហារ និងឧបករណ៍ប្រើប្រាស់ដែលអាចបញ្ចេញផ្កាភ្លើងបាន ហើយជាពិសេសគំនរចំប៉ើងកុំយកដាក់ក្បែរផ្ទះ ព្រោះវាអាចកើតឡើងនូវករណីអគ្គីភ័យជាយថាហេតុផងដែរ៕