(ចិន)៖ ក្រុមហ៊ុនផ្តល់សេវារើផ្ទះ កំពុងមានចំនួនកាន់តែច្រើន ដោយសារប្រទេសចិន កំពុងពង្រីកទីក្រុងនានាឱ្យកាន់តែធំ គួបផ្សំនឹងការដែលប្រជាជន ដែលជីវភាពមធ្យមនៅប្រទេសនេះ ត្រូវការប្រើសេវារើសម្ភារៈដែលស្មុគស្មាញកាន់តែច្រើនគ្រួសារ។
អាជីវកម្មដែលកំពុងតែកាក់កបនេះ កំពុងខិតខំយ៉ាងខ្លាំង ដើម្បីជួយឱ្យអតិថិជនរើផ្ទះបានដោយស្រួល ដោយយកកម្រៃសេវាទាប នៅតាមទីក្រុងធំៗ។
អ្នកនាង ជាំង ហាវយៀក គឺជាអ្នកធ្វើការពេញម៉ោង នៅការិយាល័យក្នុងទីក្រុងប៉េកាំង ព្រមទាំងមានកូនម្នាក់ទៀតផង។ រឿងរើផ្ទះ គឺជាកិច្ចការដែលស្មុគស្មាញ និង ចំណាយកម្លាំងច្រើនសម្រាប់គាត់។
អ្នកនាង ជាំង ហាវយៀក ប្រជាពលរដ្ឋនៅទីក្រុងប៉េកាំង បាននិយាយថា «ពេលប្រើសេវារើផ្ទះ វាជួយបន្ធូរបន្ទុកខ្ញុំច្រើនណាស់។ ចំនុចពិសេសនោះគឺនៅត្រង់ថា ក្រុមហ៊ុនគេមានផ្តល់សេវាមួយចប់តែម្តង។ អញ្ជឹងទៅ ខ្ញុំមិនចាំបាច់មកឈរមើលគេរើឥវ៉ាន់នោះទេ។ គ្រឿងសង្ហារិមភាគច្រើនដែលមាននៅក្នុងផ្ទះរបស់ខ្ញុំ គឺទិញនៅក្រុមហ៊ុន អាយឃៀរ (IKEA)។ បើសិនជាខ្ញុំទៅជួលបុគ្គលិកក្រុមហ៊ុន អាយឃៀរ ឱ្យមកដោះវាចេញ ហើយជួលក្រុមហ៊ុនរើឥវ៉ាន់ឱ្យមកដឹក ហើយឱ្យបុគ្គលិក អាយឃៀរ រៀបគ្រឿងសង្ហារិមទាំងនោះឡើងវិញ វាស៊ីពេលយូរណាស់ ហើយក៏ត្រូវជួលមនុស្សច្រើននាក់ដែរ។ តែបុគ្គលិកក្រុមហ៊ុន អ៊ីហ្ស៊ីមូ (EZ Move) អាចរ៉ាប់រងការងារទាំងអស់នេះបាន ដោយខ្លួនឯងតែម្តង»។
ប្រទេសចិនមានប្រជាពលរដ្ឋនិងអាជីវករកាន់តែច្រើន ដែលរើទីតាំងឬទីលំនៅ ពីទីក្រុងមួយទៅទីក្រុងមួយទៀត។ ប្រជាជនជាទូទៅក្នុងសង្គមចិនបច្ចុប្បន្ន គឺសុទ្ធតែមមាញឹកនឹងការងារ ដូច្នេះសេវារើផ្ទះមួយចប់ កំពុងមានគេត្រូវការកាន់តែច្រើន។
លោក ចុង សៀង ស្ថាបនិកក្រុមហ៊ុន EZ Move និយាយថា «សេវារបស់យើង គឺយកគំរូតាមសេវារើផ្ទះនៅប្រទេសជប៉ុន។ យើងជួយសម្រាលបន្ទុករបស់អតិថិជន លើការងារដែលពិបាកៗមួយចំនួន ដូចជារឿងរៀបចំសម្ភារៈ និងរឿងតម្លៃសេវាទាំងអស់ដែលមិនតម្រូវឱ្យបង់អ្វីបន្ថែមក្រៅពីនោះជាដើម។ និយាយរួម គឺយើងផ្តល់សេវាមួយចប់តែម្តង»។
លោក ធ័រ ចៀនប៉រ បានផ្លាស់ពីក្រុង ចុងឈីង មករស់នៅក្រុងប៉េកាំង ប្រហែលជិត២០ឆ្នាំមុន។ គាត់បានធ្វើការនៅក្រុមហ៊ុនផ្តល់សេវារើផ្ទះទូទៅ រយៈពេល១៥ឆ្នាំមកហើយ។ កាលពី២ឆ្នាំមុន គាត់បានចូលមកធ្វើការនៅក្រុមហ៊ុន ឡានស៊ីនាវ (Lanxiniu) ដែលផ្តល់សេវាស្រដៀងនឹងសេវាហៅតាក់ស៊ី អ៊ូប័រ (Uber) ដែរ ដោយអតិថិជនអាចស្វែងរកឡានដឹកឥវ៉ាន់រើផ្ទះ យ៉ាងឆាប់រហ័ស។
លោក ធ័រ ចៀនប៉រ អ្នកបើកឡានរើផ្ទះ របស់ក្រុមហ៊ុន ឡានស៊ីនាវ (Lanxiniu) បាននិយាយថា «ប្រព័ន្ធកំណត់តម្លៃសេវាកម្ម គឺច្បាស់លាស់ល្អណាស់ ដូច្នេះយើងមិនពិបាកប្រកែកគ្នារឿងតម្លៃ ជាមួយភ្ញៀវទេ។ ខ្ញុំបានចាប់ផ្តើមសហការជាមួយកម្មវិធីនេះ ក្រោយពីមានមិត្តភក្តិ គេណែនាំឱ្យប្រើ។ វាស្រួលប្រើមែន ហើយក៏ស្រួលរកភ្ញៀវដែរ»។
អ្នកនាង គូ ស៊ែវសៀក ប្រជាពលរដ្ឋនៅក្រុងប៉េកាំង បាននិយាយថា «កម្មវិធីនេះ បង្ហាញតម្លៃច្បាស់ៗ ហើយស្រួលប្រើមែន។ វាបង្ហាញច្បាស់ៗអំពីតម្លៃនៃសេវានីមួយៗ ទៅតាមទំហំនិងទម្ងន់ឥវ៉ាន់ដែលត្រូវដឹក។ វាបង្ហាញចម្ងាយផ្លូវច្បាស់ៗណាស់ អញ្ជឹងគេមិនចេះតែយកលុយពីយើងថែម ផ្តេសផ្តាសនោះទេ»។
ក្រុមហ៊ុន ឡានស៊ីនាវ បានបង្កើតឡើងកាលពីឆ្នាំ២០១៤ ហើយសព្វថ្ងៃ មានអ្នកបើកឡានដឹកឥវ៉ាន់រើផ្ទះ១សែននាក់កំពុងចូលរួមផ្តល់សេវានៅលើកម្មវិធីរបស់ក្រុមហ៊ុន។ ជាមធ្យម កម្មវិធីនេះមានអ្នកបើកឡានដឹកឥវ៉ាន់រើផ្ទះជិត២ម៉ឺននាក់ ផ្តល់សេវាក្នុងកម្មវិធីនេះក្នុង១ថ្ងៃ និងឡាននឹងទៅដល់ទីតាំងរបស់ភ្ញៀវ ក្នុងពេល១៥នាទី ក្រោយពីហៅរួច។
លោក វ៉ាង ស៊ូ ស្ថាបនិកក្រុមហ៊ុន ឡានស៊ីនាវ បានលើកឡើងថា «យើងផ្តល់សេវារើឥវ៉ាន់ពេញ២៤ម៉ោង ទៅគ្រប់ច្រកល្ហកក្នុងទីក្រុង។ អតិថិជនគ្រាន់តែចុចហៅឡានក្នុងកម្មវិធីភ្លាម អ្នកបើកឡាន នឹងឆ្លើយតបមកវិញភ្លាម ក្នុងរយៈពេល៥ ទៅ ១០វិនាទី»។
បើយោងតាមអគ្គនាយកដ្ឋានស្ថិតិជាតិចិន ចំនួនប្រជាជនដែលរស់នៅតាមទីប្រជុំជនក្នុងប្រទេសចិន មានចំនួនជិត៨១០លាននាក់ ត្រឹមដំណាច់ឆ្នាំ២០១៧។ ហើយដោយចិនបន្តពង្រីកទីប្រជុំជនឱ្យកាន់តែធំ មុខរបរផ្តល់សេវារើផ្ទះ ក៏នឹងប្រាកដជារីកចម្រើនតទៅមុខដូចគ្នា៕ (សារព័ត៌មាន CCTV របស់ចិន)