(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ថា នៅល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥នេះ កម្លាំងនគរបាល ការិយាល័យអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួនជនបរទេសម្នាក់ ជាជនជាតិអង់គ្លេស ក្រោយលួចស្នាក់នៅខុសច្បាប់អស់រយៈពេល២ឆ្នាំមកហើយ។

លោកឧត្តមសេនីយ៏ស្នងការ បានបញ្ជាក់ថា ជនបរទេសរូបនេះមានឈ្មោះ Ian Hammond  អាយុ៤៦ឆ្នាំ សញ្ជាតិអង់គ្លេស ស្នាក់នៅតាមបណ្តាហាងបរទេសនានា ជាប់មាត់សមុទ្រ (ពុំមានលិខិតឆ្លងដែនជាប់ខ្លួន រយៈពេល២ឆ្នាំមកហើយ)។

តាមការសាកសួរជនបរទេសរូបនេះ បានឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជាកាលពីកំឡុងឆ្នាំ២០១៤ (តែមិនចាំច្រក) នឹងបានទៅស្នាក់នៅទីក្រុងភ្នំពេញរយៈពេល៦ខែ បន្ទាប់មកបានមកស្នាក់នៅកោះរ៉ុង ក្រុងព្រះសីហនុ រហូតដល់ពេលឃាត់ខ្លួន។

តាមការពិនិត្យជនបរទេសរូបនេះ ពិតជាពុំមានលទ្ធភាពផ្គត់ផ្គង់ជីវភាពខ្លួនឯងទេ ហេតុដូច្នេះនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនបរទេសរូបនេះ នឹងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់ការបន្តតាមនីតិវិធី៕