(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចាប់ខ្លូនបុរសជនជាតិអេស្ប៉ាញម្នាក់ ក្រោយសម្លាប់មិត្តភក្តិរបស់ខ្លួន យកសពទៅទម្លាក់ទឹក នៅប្រទេសថៃ ហើយរត់មកសម្ងំលាក់ខ្លួន នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជូន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យរូបនេះត្រូវចាប់ខ្លួន នៅហាងឈ្មោះ ឆាលី ហេបភេី ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ដែលមានឈ្មោះ Segarra Princep អាយុ៣៧ឆ្នាំ សញ្ជាតិអេស្ប៉ាញ កាន់លិខិតឆ្លងដែនលេខ AAI515994 មានសុពលភាព 29.01.2024 ទិដ្ឋាកាលេខ TI 09758149 មានសុពលភាព 08.10.2015។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ជនជាតិអេស្ប៉ាញនេះយើងឃាត់ខ្លួនក្នុងករណី ឃាតកម្មសម្លាប់មិត្តភក្ដិខ្លួន ទំលាក់ចោលក្នុងទឹក នៅប្រទេសថៃ ហើយរត់គេចខ្លួនចូលមកប្រទេសកម្ពុជា មកសម្ងំលាក់ខ្លួនក្នុងខេត្តព្រះសីហនុ។ ជនបរទេសរូបនេះ កម្លាំងនឹងបញ្ជូនខ្លួនទៅកាន់ នាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃស្អែក»៕