(ភ្នំពេញ)៖ លោកស្រី ធីតា ឃើស នាយិកាអង្គការសីលការ (Silka) បានជំរុញឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ចេញមុខបកស្រាយចំពោះរឿង អាស្រូវកន្លងមក ដើម្បីកុំឱ្យតែតួអង្គ ស្រីមុំ ចេញមុខតែម្នាក់ឯងពេក។
លោកស្រី ធីតា ឃើស បានលើកឡើងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅជាប់របងតុលាការក្រុងភ្នំពេញ គ្រាដែលស្រីមុំ កំពុងចូលបំភ្លឺ នៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ជុំវិញរបាយការណ៍របស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថា មានករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។
សូមជំរាបថា កញ្ញា ខុម ចាន់ដារ៉ាទី ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកោះហៅឱ្យចូល ទៅកាន់តុលាការក្រុងភ្នំពេញ នៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ។
នៅក្នុងដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ក្នុងគោលបំណងដើម្បីមកសាកសួរពីដំណើររឿង របាយការណ៍របស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំង ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញថា មានករណីផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ»៕