(រតនគីរី)៖ តាមសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានប្រាប់ Fresh News ឲ្យដឹងថា មេដឹកនាំបក្សប្រចាំខេត្តរតនគីរី និងមន្រ្តីរបស់គណបក្សសង្គ្រោះជាតិ បានវាយតប់គ្នាឈានដល់ប្រើអំពើហិង្សា ផ្អើលពេញក្នុងអង្គប្រជុំ ព្រោះទំនាស់នឹងការតែងតាំង ប្រធាន និងអនុប្រធានគណបក្ស CNRP ប្រចាំខេត្តរតនគីរី។
កិច្ចប្រជុំឈានដល់ការផ្ទុះអំពើហិង្សានេះ គឺកំពុងស្ថិតក្រោមអធិបតីភាពលោក យឹម សុវណ្ណ, ម៉ៅ មុន្នីវណ្ណ និងលោកស្រី ឡាក់ ថានី សមាជិកព្រឹទ្ធសភាមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។
ការផ្ទុះប្រើអំពើហិង្សានេះ កើតឡើងនៅស្នាក់ការរបស់គណបក្ស CNRP នាខេត្តរតនគិរីតែម្តង នាវេលាម៉ោង ៩៖៤៥នាទី ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។ ទំនាស់ឈានដល់ការវាយតប់គ្នានេះ កើតឡើងដោយសារភាគីម្ខាង ឈ្មោះ ស៊ិន បូណា វាយតប់គ្នាជាមួយលោកស្រី អ៊ុំ សុយិន បង្កឲ្យលោកស្រី អ៊ុំ សុយិន រងរបួសដៃម្ខាង។ ការបង្កហិង្សា និងទំនាស់នេះកើតឡើងចេញពីការ ស្នើសុំផ្លាស់ប្តូរប្រធាន និងអនុប្រធានក្រុមការងារ និងមិនទទួលស្គាល់ការ តែងតាំងគណៈកម្មាធិការប្រតិបត្តិខេត្តរតនគីរីថ្មី។
ប្រជាពលរដ្ឋឃើញហេតុការណ៍បានថ្លែងថា នេះជាលទ្ធផលនៃការគាំទ្ររបស់គណបក្សសង្គ្រោះជាតិ មិនគោរពឲ្យតម្លៃគ្នា មិនមានភាពជាអ្នកដឹកនាំ មិនចេះមានភាពអត់ធ្មត់ ចេះតែដើរវាយតប់គ្នាបង្កហិង្សា គ្មានចេះផ្តល់កិត្តិយស និងឈ្មោះគណបក្សនោះទេ បើចេះតែមានបង្ហាញរបៀបនេះ នោះប្រជាប្រិយភាពរបស់គណបក្សនឹងចុះថយមិនខាន។
បើតាមប្រភពព័ត៌មានពីលោកស្រី ទួន សុខាន់ ប្រធានបក្សសង្គ្រោះជាតិស្រុកអណ្តូងមាស បានឲ្យដឹងថា នៅក្នុងកម្មវិធីនោះលោកស្រីមិនបានពេញចិត្ត ចំពោះគណៈអធិបតី ធ្វើការកម្មវិធីដូរតំណែងឈ្មោះ អំ ស៊ុនយីន មុខងារប្រធានប្រតិបត្តិខេត្តចេញ ដោយដាក់ឈ្មោះ លោក រ៉ាន់ សាយលឿន ជំនួសវិញ។
លោកស្រីបានបន្តទៀតថា ដោយពួកគាត់ចំនួន៦នាក់ មិនបានពេញចិត្តនោះទេ ក្នុងនោះគាត់បានលើកបដាតវ៉ាមានន័យថា សុំផ្លាស់ប្តូរប្រធាន និងអនុប្រធានការងារ ហើយមិនទទួលស្គាល់ការតែងតាំងគណៈកម្មាធិកាប្រតិបត្តិខេត្តថ្មីទេ។
លោកស្រីបានបញ្ជាក់ទៀតថា ក្នុងខណៈគាត់កំពុងតែលើកបដាតវ៉ានោះស្រាប់តែប្រពន្ធរបស់លោក ស៊ិន បូណា ជាម្ចាស់ផ្ទះបានលោតមកចាប់បោកគាត់៣-៤ដងផ្ទប់នៅនឹងដី បណ្តាលឲ្យរបួសក្បាល ដងខ្លួន និងកែងដៃស្តាំ ទង្វើដ៏ថោកទាបនេះគាត់បានមកដាក់ពាក្យបណ្តឹងនៅការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្ត ពីបទប្រើអំពើហឹង្សាដោយចេតនា៕