(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រមុខអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការ ACU នាវេលាត្រង់ថ្ងៃនេះឲ្យដឹងថា ការឃាត់ខ្លួនមន្រ្តីសមាគមអាដហុក៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ធ្វើឡើងតាមផ្លូវច្បាប់។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺពាក់ព័ន្ធជាមួយនឹងអំពើពុករលួយទាំងអស់ ហើយអង្គភាព ACU នឹងបញ្ជូនជនទាំង៥នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់អង្គភាពឃាត់ខ្លួនបានចំនួន៤៨ម៉ោង។ លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា លោកស្រី ធីតា ឃឹះ ប្រធានអង្គការ សីលការ និងលោកស្រីមេធាវី ទ្រី ឈូន ពួកគាត់បានឆ្លើយចម្លើយត្រឹមត្រូវតាមវិជ្ជាជីវៈមេធាវី និងអង្គការពិតប្រាកដ ទើបលោកអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ពាក់ព័ន្ធនឹងមន្រ្តី UN ដែលមិនបានចូលខ្លួនមកបំភ្លឺ ACU នឹងចេញលិខិតនាំខ្លួនតែម្តង ប្រសិនបើមិនចូលខ្លួនតាមការកោះហៅ។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្រុមគ្រួសាររបស់មន្រ្តីដែលត្រូវឃាត់ខ្លួន នៅ ACU បាននឹងកំពុងជួបជុំគ្នានៅខាងមុខអង្គភាពប្រឆាំងអំពើពុករលួយ។
អ្នកទាំង៥នាក់ ដែលត្រូវឃាត់ខ្លួនដោយ ACU រួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា, លោក លឹម មុន្នី, លោក នី ចរិយា៕