(កំពង់ធំ)៖ នៅប៉ុន្មាននាទីមុននេះ មានករណីប៉ះទង្គិចគ្នាមួយប្រ៉ាវ រវាងក្រុមយុវជនដែលទៅតវ៉ា និងក្រុមម្ខាងទៀតដែលគេអះអាងថា ជាសកម្មជនគណបក្សសង្រ្គោះជាតិ នៅចំណុចវេទិកាសាធារណៈ របស់លោក កឹម សុខា ក្នុងទឹកដីខេត្តកំពង់ធំ។
លោក ស្រី ចំរើន តំណាងឱ្យក្រុមយុវជន និងនិស្សិតមួយចំនួន ដែលបានទៅតវ៉ាទាមទារឱ្យ លោក កឹម សុខាបំភ្លឺរឿងស្រីមុំ បានប្រាប់ Fresh News ឱ្យដឹងថា សមាជិករបស់លោកយ៉ាងហោចណាស់ ៣នាក់ បានរងរបួសក្នុងហេតុការណ៍ទង្គិចគ្នានេះ។
លោកថា «ខាងនិស្សិតត្រូវរបួស ដោយខាងសកម្មជនសង្គ្រោះជាតិរុញច្រាន និងបានវាយនិស្សិតបីនាក់ត្រូវរបួស (ប្រុសពីរ ស្រីមួយ)។ នារីម្នាក់ត្រូវត្រង់ដើមទ្រូង ម្នាក់ទៀតគេដាល់ចំភ្នែក ម្នាក់ទៀត ត្រូវចំក្បាលពោះ និងម្នាក់ទៀតរហែកអាវ»។
យ៉ាងណាក៏ដោយ Fresh News នៅមិនទាន់អាចទំនាក់ទំនងទៅមន្រ្តីគណបក្សសង្រ្គោះជាតិ បាននៅឡើយទេ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នានេះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានចុះធ្វើវេទិកាសាធារណៈ នៅទីស្នាក់ការ CNRP ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦ ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ហើយក្រុមនិស្សិតប្រមាណ៣០នាក់ ក៏បានលើកគ្នាទៅតវ៉ា ដើម្បីទាមទារឱ្យអ្នកនយោបាយរូបនេះ បំភ្លឺរឿងអាស្រូវស្នេហា ជាមួយនឹងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំដែរ៕