(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ថា នៅព្រឹកមិញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ មន្រ្តីនគរបាលប៉ុស្តិ៍ទឹកថ្លារបស់លោក សហការជាមួយនគរបាលការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅ លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ទៅសួរនាំផ្ទាល់មាត់ ពាក់ព័ន្ធរឿងបោះពុម្ភអាវពណ៌ខ្មៅ ដែលត្រូវបានចែកជូនក្រុមសកម្មជន និងអ្នកចូលរួមតវ៉ា ដែលបានធ្វើការដង្ហែរក្បួនទៅស្រែកទាមទារឲ្យមានការដោះលែង ក្រុមមន្រ្តីសង្គមសីុវិល និងមន្រ្តី គ.ជ.ប ទាំង៥រូប កាលពីថ្ងៃទី៩ ខែឧសភា។
លោក ម៉ក់ ហុង បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា «យើងបានហៅគាត់មកសួរនាំ ពាក់ព័ន្ធ នឹងការបោះពុម្ភអាវពណ៌ខ្មៅនោះ ប្រហែលកន្លះម៉ោង នៅប៉ុស្តិទឹកថ្លា តែគាត់បានបដិសេធថា មិនបានបោះពុម្ភនោះទេ រួចហើយយើងក៏ឲ្យគាត់ត្រឡប់ទៅវិញផងដែរ»។
កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សម្តេចបានស្គាល់ច្បាស់នូវ អ្នកចេញថវិកាបោះពុម្ភអាវខ្មៅសម្រាប់យុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» (Black Monday) ដែលចូលរួមក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី នៅថ្ងៃចន្ទម្សិលមិញ ហើយសម្តេចបានផ្តាំផ្ញើដល់បុគ្គលម្នាក់នោះ ឱ្យមានការប្រយ័ត្នខ្លួន កុំឱ្យល្មើសច្បាប់។
ថ្លែងនៅក្នុងចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដល់អ្នកដែលបំផុសយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» កុំឱ្យបំពានច្បាប់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលបំផុសនោះ ត្រូវចេះប្រយ័ត្នប្រយែងក្រែងនាំទៅដល់នីតិបុគ្គល ខ្ញុំគ្រាន់តែផ្តាំផ្ញើទេ ហើយសុំម្នាក់ដែលផ្តល់លុយកាកបោះពុម្ភអាវនោះ ប្រយ័ត្នប្រយែង ! គេស្គាល់មុខច្បាស់ណាស់ទៅហើយ»។
កាលពីថ្ងៃចន្ទ ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី រាប់សិបនាក់ បានធ្វើយុទ្ធនាការស្លៀកខ្មៅ ដើម្បីទាមទារឱ្យមានការដោះលែង មន្រ្តីអង្គការអាដហុក៤នាក់ និងមន្រ្តី គ.ជ.ប ម្នាក់ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស។ អំឡុងតវ៉ានេះ សមត្ថកិច្ចឃាត់មនុស្ស៨នាក់ ដើម្បីអប់រំ ណែនាំឱ្យធ្វើកិច្ចសន្យា រួចហើយក៏ដោះលែងពួកគេឱ្យមានសេរីភាពវិញ នៅយប់ថ្ងៃដដែលតែម្តង។