(មែលប៊ន)៖ អូស្ត្រាលី ជាប្រទេសមួយដែលត្រូវបានគេទទួលស្គាល់ថា សម្បូរទៅដោយសត្វកង់ហ្គូរូ ច្រើនជាងគេបំផុត ជាពិសេស វាគឺជាសត្វតំណាងឲ្យប្រទេសមួយនេះថែមទៀត ប៉ុន្តែការកើនឡើងនៃសត្វកង់ហ្គូរូ បានគំរាមកំហែង និងបង្កជាបញ្ហាដល់ប្រទេសអូស្ត្រាលីផងដែរ រហូតដល់រដ្ឋាភិបាលបានសម្រេចចិត្តសម្លាប់សត្វកង់ហ្គូរូ ជិត ២០០០ក្បាល ជារៀងរាល់ឆ្នាំ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា។
យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ប្រទេសអូស្ត្រាលី បានចាប់ផ្ដើមសម្លាប់សត្វកង់ហ្គូរូ ដោយផ្ដើមពីថ្ងៃទី១៦ ខែឧសភា រហូតដល់ថ្ងៃទី០១ ខែសីហា ដោយក្នុងនោះសត្វកង់ហ្គូរូ ចំនួនជាង ១៩០០ក្បាល នឹងត្រូវសម្លាប់។
តាមការបញ្ជាក់ ការកើនឡើងនៃសត្វកង់ហ្គូរូ បានបង្កនូវហានិភ័យជាច្រើនដល់បរិស្ថានក្នុងតំបន់ ដូច្នេះហើយទើបរដ្ឋាភិបាល ដាច់ចិត្តត្រូវសម្លាប់សត្វតំណាងប្រទេសរបស់ខ្លួន។ សម្រាប់ការសម្លាប់សត្វនេះ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី ទម្លាក់ភារកិច្ចទៅឲ្យអង្គការ «ដែនដីរដ្ឋធានីអូស្រ្តាលី ហៅកាត់ថា ACT» ដោយមានតំបន់ចំនួន ១០ ដែលត្រូវចាប់ផ្ដើមសម្លាប់សត្វកង់ហ្គូរូ។
គួរបញ្ជាក់ផងដែរថា ការសម្លាប់សត្វកង់ហ្គូរូនេះ គឺជាផែនការប្រចាំឆ្នាំរបស់រដ្ឋាភិបាលអូស្ត្រាលី ដោយពីរឆ្នាំកន្លងទៅនេះ មានសត្វកង់ហ្គូរូ ជាង ៤០០០ក្បាល ត្រូវបានសម្លាប់៕