(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ៣៦៤គ្រួសារមកពីភូមិចំនួន ១២ នៅក្នុងស្រុកឱរ៉ាល់ និងក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ បានចុះកិច្ចព្រមព្រៀងដើម្បី ដោះស្រាយជម្លោះដីធ្លី ដែលអូសបន្លាយពេលជាយួរមកហើយ។
កិច្ចព្រមព្រៀងនេះ ចុះហត្ថលេខាដោយតំណាងប្រជាពលរដ្ឋ ១០រូប ដែលតំណាងឲ្យពលរដ្ឋទាំង៣៦៤គ្រួសារ និងតំណាងភាគីក្រុមហ៊ុន ដោយមានការចូលរួមជាសាក្សី ពីសំណាក់លោក ចាន់ តារា អភិបាលរងខេត្តកំពង់ស្ពឺ លោកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ តំណាងអង្គការសង្គមស៊ីវិល មេធាវីតំណាងប្រជាពលរដ្ឋ និងមេធាវីតំណាងក្រុមហ៊ុន ព្រមទាំងតំណាងគណបក្សនយោបាយ នៅថ្នាក់មូលដ្ឋានកាលពីថ្ងៃទី១៦ ឧសភា ២០១៦។
លោក ចេង សុភាព ដែលជាតំណាងប្រជាពលរដ្ឋមួយរូប ក្នុងចំណោម១០រូប ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងនាមប្រជាពលរដ្ឋទាំង ៣៦៤គ្រួសារ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ គឺជាជោគជ័យដ៏ធំមួយ។
លោក ចេង សុភាព ថ្លែងយ៉ាងដូច្នេះ «ក្នុងនាមខ្ញុំជាតំណាងប្រជាពលរដ្ឋ ខ្ញុំមានអារម្មណ៍រីករាយបំផុត ដោយសារថាខ្ញុំអត់ដែលនឹកស្មានថា បានលទ្ធផលបែបនេះទេ។ ថ្ងៃនេះគឺជាជោគជ័យមួយដ៏ធំធេង។ ហើយខ្ញុំក៏អរគុណដល់អ្នកឧកញ៉ា លី យ៉ុងផាត់ ផងដែរ ដែលលោកបានសុខចិត្តផ្ដល់សំណងដល់ប្រជាពលរដ្ឋរបស់ខ្ញុំ។ ខ្ញុំអរគុណណាស់»។
លោក ស៊ិន សត្ថា តំណាងក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ ថ្លែងថា កិច្ចព្រមព្រៀងនាពេលនេះ គឺជាលទ្ធផលនៃការចុះស្វែងរកការពិតរបស់ ក្រុមហ៊ុនជាច្រើនខែ ជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់។
លោក ស៊ិន សត្ថា បានថ្លែងដូច្នេះថា «បន្ទាប់ពីការចុះអនុស្សរណៈយោគយល់គ្នាហើយ ភាគីទាំងសងខាង គឺភាគីក្រុមហ៊ុននិងភាគីប្រជាពលរដ្ឋ ត្រូវធ្វើការរួមគ្នាដើម្បីធ្វើឲ្យដំណើរការដោះស្រាយឲ្យមាននិរន្តរភាព និងមានការវិវឌ្ឍលឿនតាមដែលអាចធ្វើទៅបាន»។
គួររំឭកថា ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ និងក្រុមហ៊ុនពីរទៀត បានទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើវិនិយោគលើដំណាំចម្ការអំពៅ និងរោងចក្រផលិតស្ករស នៅលើផ្ទៃដីសម្បទាន ដែលស្ថិតនៅក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ប៉ុន្តែដីសម្បទាននេះ មានការពាក់ព័ន្ធនឹងដីធ្លីដែលប្រជាពលរដ្ឋ ៣៦៤គ្រួសារ បានអះអាងថា បានរស់នៅនិងអាស្រ័យផលជាយូរមកហើយ។ ប៉ុន្តែ ភាគច្រើនបំផុតនៃពលរដ្ឋទាំងនេះ ពុំមានឯកសារកម្មសិទ្ធិកាន់កាប់ដីធ្លីផ្លូវការទទួលស្គាល់ដោយអាជ្ញាធរឡើយ ដែលធ្វើឲ្យមានភាពស្មុគស្មាញ អូសបន្លាយរហូតមកដល់ពេលដែលក្រុមការងារក្រុមហ៊ុនបានស្វែងរកការពិត ទើបឈានដល់ការព្រមព្រៀងគ្នាដោះស្រាយនាពេលនេះ។
នៅក្នុងពិធីចុះកិច្ចព្រមព្រៀងជាមួយប្រជាពលរដ្ឋនោះដែរ លោកឧកញ៉ា សេង ញ៉ក់ អគ្គនាយក ក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា បន្ទាប់ដោះស្រាយរួចរាល់នូវបញ្ហាដីធ្លីទាំងនេះ ក្រុមហ៊ុននឹងធ្វើការជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការវិនិយោគ ឲ្យដើរទន្ទឹមគ្នានឹងការអភិវឌ្ឍសហគមន៍។
លោកឧកញ៉ា សេង ញ៉ក់ ថ្លែងថា ទៅថ្ងៃអនាគតក្រុមហ៊ុនចង់ឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ ក៏ដូចជានៅក្នុងខេត្តកំពង់ស្ពឺ ទាំងមូល ទទួលបានផលប្រយោជន៍ពីការវិនិយោគរបស់ក្រុមហ៊ុននិងមានមោទនភាព ចំពោះការអភិវឌ្ឍន៍នៅក្នុងទឹកដីរបស់ខ្លួន៕