(ភ្នំពេញ)៖ នៅពេលនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង កំពុងសាកសួរបន្ថែមលើ លោក អ៊ុំ សំអាន សមាជិកគណបក្សសង្រ្គោះជាតិ ដែលត្រូវបាន ពន្ធនាគារបញ្ជូនមកដល់ សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៨៖០០ព្រឹកមិញ។
លោក អ៊ុ សំអាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនដោយសារតែប្រព្រឹត្តិបទល្មើសជាក់ស្តែង នៅលើបណ្តាញសង្គម Facebook។
លោក អ៊ុំ សំអាន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ក្រោមបទចោទញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ ស្របពេលដែលរដ្ឋសភាបានបោះឆ្នោត គាំទ្រឱ្យតុលាការ និងសមត្ថកិច្ចអនុវត្តនីតិវិធីបន្ត ចំពោះតំណាងរាស្រ្ត គណបក្សប្រឆាំងរូបនេះ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ សាលាឧទ្ធរណ៍ បានសម្រេចបដិសេធលើសំណើសុំនៅក្រៅឃុំរបស់ លោក អ៊ុំ សំអាន សមាជិកគណបក្សសង្រ្គោះជាតិ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះមួយព្រឹក។ សាលាឧទ្ធរណ៍បានសម្រេចតម្កល់តាមសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ចំពោះសំណុំរឿងនៅក្រៅឃុំនេះ៕