(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ លោក​ គាត តូ​ ប្រធានគណៈកម្មការផ្សារ​ចាក់អង្រែ បានរៀបចំ​និមន្តព្រះសង្ឃសូត្រមន្ត ប្រោសព្រហ្មដេីម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់លោក-លោកស្រី អនុប្រធាន​ មន្ត្រី​ បុគ្គលិកសន្តិសុខ​ រួមទាំងបងប្អូនអាជីវករផ្សារចាក់អង្រែទាំងអស់ និងប្រជាពលរដ្ឋ ដែលចេញចូលទិញទំនិញ នៅផ្សារចាក់អង្រែ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦។

លោក គាត តូ បានឱ្យដឹងថា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៣ គណៈកម្មការផ្សារ បានមូលមតិគ្នា និមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រហ្មលើក រាសី សុំសេចក្តីសុខ ចម្រុងចម្រើន ពីទេវត្តាឆ្នាំថ្មី និងសូមឱ្យតាមជួយបីបាច់ថែរក្សា ចៀសផុតឧបទ្រពចង្រៃ ទាំងឡាយទាំងពួង សូមអោយគ្រប់សកម្មភាពការងារ និងរបររកទទួលទានទាំងឡាយរបស់អាជីវករ រកទទួលមានបាន ទទួលជោគជ័យ ព្រមទាំងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងបង្សុកូល ដើម្បីឧទ្ទិសកុសល្យផលបុណ្យ ដល់បុព្វការីជនទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ ។

លោក គាត តូ បានបន្តថា ជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតា ព្រះនាមកិមិរាទេវី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ លោក ព្រមទាំងគណៈកម្មការផ្សារ តែងតែជួបជុំគ្នា និមន្ដព្រះសង្ឃ បង្សុកូល ដើម្បីកាត់ផ្ដាច់នូវរាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួរស្ដី នៅក្នុងឆ្នាំថ្មី ឱ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការជូនអាជីវករ ប្រជាពលរដ្ឋ នាឱកាសឆ្នាំថ្មីនេះ។

លោកប្រធានផ្សាររូបនេះបានសម្ដែងមោទកភាព ដែលបានរៀបចំពិធីដ៏មានអត្ថន័យ ហើយនេះជារៀងរាល់ឆ្នាំ ហើយវាជាគុណតម្លៃរបស់ដូនតា ដែលតែងតែបានយកចិត្តទុក ដាក់ប្រតិបត្តិជានិច្ច ក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិកជនខ្មែរ ដែលធ្លាប់មានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងល្បីល្បាញព្រោះជនជាតិខ្មែរ មានប្រវត្តិធ្វើពិធីបុណ្យបែបសាសនានេះតាំងពីបុរាណកាលរហូតមក៕