(សៀមរាប)៖ បន្ទាប់ពីមានព័ត៌មានបង្ហោះ តាមបណ្តាញទំនាក់ទំនងសង្គម Facebook ថា បុគ្គលឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលជាឃាតកសម្លាប់ លោក កែម ឡី នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ថាជាមន្ត្រីបរិស្ថានដែលបម្រើការងារ នៅមន្ទីរបរិស្ថានខេត្តសៀមរាបនោះ នៅថ្ងៃទី១១ ខែកក្កដានេះ ប្រធានស្តីទី មន្ទីរបរិស្ថានខេត្តសៀមរាប បានចេញមុខបដិសេធភ្លាមៗ ដោយបញ្ជាក់យ៉ាងច្បាស់ថា ឃាតកសម្លាប់ លោកបណ្ឌិត កែម ឡី មិនមែនជាមន្ត្រីបរិស្ថាន នៅមន្ទីរបរិស្ថានខេត្តសៀមរាប ដូចការចោទប្រកាន់ឡើយ។

យោងតាមលិខិតដែលប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ផ្ញើជូនលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា បុគ្គលដែលជាឃាតកនោះ មិនមែនជាមន្ត្រីបរិស្ថាន ឬជាមន្ត្រីបរិស្ថានខេត្តសៀមរាបទេ ព្រោះបុគ្គលនោះមិនមានឈ្មោះ ក្នុងបញ្ជីដែលមន្ទីរចេញសេចក្តីសម្រេចទទួលស្គាល់ និងក្នុងតារាងបើកប្រាក់បៀវត្សរ៍ របស់មន្ត្រីរាជការមន្ទីរបរិស្ថានខេត្តសៀមរាបនោះឡើយ។ ក្នុងនាមមន្ទីរបរិស្ថានខេត្តសៀមរាប ខ្ញុំសូមបដិសេធទាំងស្រុង នូវការចុះផ្សាយព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម Facebook ថា បុគ្គលនោះជាមន្ត្រីបរិស្ថាន និងជាមន្ត្រីបរិស្ថានខេត្តសៀមរាប»។

មន្ទីរបរិស្ថានដដែលបញ្ជាក់ថា បើតាមការពិនិត្យលើឯកសណ្ឋាន បុគ្គលរូបនោះ អាចជាបុគ្គលិកបម្រើការងារឲ្យអង្គការបរិស្ថានណាមួយ (អង្គការក្រៅរដ្ឋាភិបាល NOG)៕

ព័ត៌មានលម្អិតសូមអានលិខិតរបស់មន្ទីរបរិស្ថានខេត្តសៀមរាបទាំងស្រុង៖