(ឧត្តរមានជ័យ)៖ បន្ទាប់ពីទាហានថៃ សម្រេចបិទច្រកព្រំដែនអូរស្មាច់ និងជប់គគីរ ដោយឯកតោភាគីនាព្រឹកមិញនោះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានណាត់ជួបជាបន្ទាន់មួយជាមួយអភិបាលខេត្តសុរិន្ទ និងមន្រ្តីយោធាជាន់ខ្ពស់របស់ថៃ ដើម្បីបើកកិច្ចពិភាក្សាទៅលើបញ្ហាទាំងអស់នេះ។
នៅក្នុងជំនួបពិភាក្សានៅវេលាម៉ោងប្រមាណ១១ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ លោក ស ថាវី បានសំដែងការសោកស្តាយចំពោះភាគីថៃ ដែលបានបិទច្រកទ្វារព្រំដែនជាឯកតោភាគី មិនជូនដំណឹងឲ្យភាគីកម្ពុជា ដឹងជាមុន ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡុំថា មានបញ្ហានៅតាមព្រំដែនទៅ។ លោក ស ថាវី សំណូមពរភាគីថៃ មុននិងធ្វើអ្វីមួយពាក់ព័ន្ធបញ្ហាព្រំដែន ត្រូវជូនដំណឹងឲ្យភាគីកម្ពុជាបានដឹងជាមុន។
ចំពោះបញ្ហាទ្រុងមាន់ ដែលភាគ៏ថៃទាមទារឲ្យភាគីកម្ពុជារុះរើចេញនោះ លោក ស ថាវី បានលើកឡើងថា ករណីដែលខ្សែរបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ មិនទាន់កំណត់ច្បាស់លាស់ដោយគណៈកម្មាធិការកិច្ចការព្រំដែន នៃប្រទេសទាំងពីរទេនោះ អ្វីដែលមានស្រាប់ គឺត្រូវរក្សានៅដ៏ដែល ហើយអ្វីដែលសាងសង់ថ្មី គឺត្រូវជូនដំណឹងឲ្យគ្នាដឹងទៅវិញទៅមក។
សូមបញ្ជាក់ថា ទ្រុងមាន់ ដែលថៃទាមទាឲ្យរុះរើនោះ តាមពិតបានសង់យូរណាស់មកហើយ ជារោងយាមប្រចាំការចាស់របស់មន្ត្រីនគរ បាលអន្តោប្រវេសន៍ច្រកអូរស្មាច់ ដោយសារតែវាចាស់ទ្រុឌទ្រោម ទើបរុះរើធ្វើថ្មី តែត្រូវភាគីថៃជំទាស់។ ក្រោយពីការចុះពិនិត្យជាក់ស្តែងឃើញថា ជារោងចាស់ពិតប្រាកដមែន មិនមែនជាសំណង់រឹងនោះទេ។
ក្រោយពិភាក្សាភាគីទាំងពីរ បានពិសារបាយសាមគ្គីជុំគ្នាដោយលក្ខណៈស្និទ្ធស្នាល ហើយភាគីទាំងពីរ បានសន្យាជួបគ្នារយៈពេលមួយខែម្តង ដើម្បីដោះស្រាយបញ្ហាតាមព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា៕