(ភ្នំពេញ)៖ ស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារចាស់) ដែលកំពុងមានសភាពទ្រុឌទ្រោមនឹងត្រូវជួសជុលឡើងវិញ ចាប់ពីខែមករា ឆ្នាំ២០១៧ខាងមុខនេះ ដោយចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក និង ប្រើរយៈពេល ២២ខែ។ ក្នុងអំឡុងពេលជួសជុលចរាចរណ៍នៅស្ពាននេះ នឹងត្រូវបិទទាំងស្រុងផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ក្រោយបញ្ចប់កិច្ចប្រជុំដាក់ចេញវិធានការទប់ស្កាត់ការដឹកជញ្ជូនខុសច្បាប់ជាមួយក្រសួងរ៉ែ និងថាមពល រួមជាមួយនគរបាលចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះថា ការសម្រេចជួសជុលឡើងវិញ បានធ្វើឡើងក្រោយពីអង្គការ JICA បានសិក្សាឃើញថា ស្ពាននេះ មានសភាពទ្រុឌទ្រោមខ្លាំងនៅផ្នែកខាងក្រោម និងមានសសរជាច្រើន ប្រេះស្រាំ មិនអាចទ្រទ្រង់ការប្រើប្រាស់បានបន្តទៀត ទើបក្រសួងសាធារណការ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត សម្រេចជួលជុលស្ពាននេះឡើងវិញ ក្រោមជំនួយឧបត្ថម្ភពីប្រទេសជប៉ុន។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា «ស្ពានស្ពានជ្រោយចង្វារចាស់ត្រូវប្រើរយៈពេល២២ខែ ដើម្បីសាងសង់ស្ពាននេះឡើងវិញ ក្នុងអំឡុងពេលជួសជុលនេះ ត្រូវបិទចរាចរណ៍ទើបអាចជួសជុលវិញបាន តែខ្ញុំប្រាប់ JICA ឲ្យធ្វើយ៉ាងណាបានឆាប់ជាង២២ខែ គឺកាន់តែល្អ»។
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនដដែលបានអះអាងថា នៅអំឡុងពេលស្ពាននេះជួសជុល នឹងមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នេះ ក្រសួង បានសម្រេចដាក់សាឡាងមួយ ដោយមិនតម្រូវឲ្យមានការបង់ប្រាក់ឡើយ។ ក្រៅពីនោះ ក្រសួង ក៏បានសម្រេចបង្វិលការធ្វើចរាចរណ៍ទៅតាមស្ពានព្រែកព្នៅជំនួសវិញ។
យ៉ាងណាក៏ដោយ ខណៈដែលមានការបិទចរាចរណ៍ និងជួសជុលស្ពានខាងលើនេះ ក្រសួងសាធារណការ និង សហការជាមួយអាជ្ញាធរ ដែនដីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋឲ្យបានល្អបំផុតនៅពេលកកស្ទះចរាចរណ៍ម្តងៗ។
ក្រសួងសាធារណការធ្លាប់បានបញ្ជាក់ថា ការជួសជុលស្ពានជ្រោយចង្វារចាស់នេះ នឹងចំណាយទឹកប្រាក់ប្រមាណ ៣០លានដុល្លារសហរដ្ឋអាមេរិក ដែលជាថវិកាជំនួយរបស់រដ្ឋាភិបាលជប៉ុន ហើយអនុវត្តគម្រោងដោយអង្គការ JICA។
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានកសាងឡើងពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៦៣ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន មានប្រវែង១.០៨០ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះត្រូវបានបំផ្លាញក្នុងឆ្នាំ១៩៧២ ពេលកម្ពុជាកើតសង្រ្គាម ហើយត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៩៤៕