(ព្រះវិហារ)៖ ក្រោយប្រកាសកាត់ដីទំហំ ៨០.៥៣ហិកតានៅព្រលានយន្តហោះក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ប្រគល់ជូនប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅទីនោះ ១២៧គ្រួសារ កាន់កាប់វិញ ពេលនេះសម្តេចតេជោ ហ៊ុន សែន កំពុងជួបសំណេះសំណាលស្តាប់យោបល់ពីពួកគាត់។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់ការដូរដ៏ធំមួយទៀតជូនប្រជាពលរដ្ឋខេត្តព្រះវិហារ ដោយបានសម្រេចកាត់ដីទំហំ ៨០.៥៣ហិកតានៅព្រលានយន្តហោះ ក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ប្រគល់ជូនប្រជាពលរដ្ឋរស់នៅកាន់កាប់ជាក់ស្តែង ១២៧គ្រួសារ។ ការសម្រេចនេះ បានធ្វើឡើងក្នុងពេលសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តព្រះវិហារ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ។
ដោយឡែកដីព្រលានយន្តហោះ ដែលនៅសល់ពីការកាត់ឲ្យប្រជាពលរដ្ឋប្រមាណ ៧១.១៧ហិកតា ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចជូនសាលាខេត្តព្រះវិហារ ទុកសម្រាប់ធ្វើការអភិវឌ្ឍ។ បើតាមសម្តេចដីនេះអាចយកទៅធ្វើជាមន្ទីរនានា ឬអាចបង្កើតជាសកលវិទ្យាល័យទៅថ្ងៃក្រោយ តែមិនអនុញ្ញាតឲ្យប្រគល់ ទៅឯកជននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចកាត់ដីព្រលានយន្តហោះឲ្យប្រជាពលរដ្ឋនេះ គឺជាការដោះស្រាយបញ្ហាពិត បន្ទាប់ពីសម្តេចបានស្តាប់នូវរឿងពិតជាអ្វី។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅព្រលានយន្តហោះ ខេត្តព្រះវិហារ ដែលបាននិងកំពុងជួបទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន នៅខេត្តព្រះវិហារ នាពេលនេះមានចំនួនជិត១០០គ្រួសារ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភដល់ ពួកគាត់ក្នុងគ្រួសារៗ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕